វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិកលោក ដូណាល់ត្រាំ បានប្រកាសនៅក្នុងសារមួយថា វីរុសកូរ៉ូណា ឬ Covid-19 គឺស្ថិតនៅក្រោមការគ្រប់គ្រងយ៉ាងច្បាស់លាស់នៅក្នុងសហរដ្ឋអាមេរិក។
យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយកាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២០ បានឱ្យដឹងថា លោក ត្រាំ ក៏បានកោតសរសើរផងដែរដល់មជ្ឈមណ្ឌលគ្រប់គ្រងនិងបង្ការជំងឺអាមេរិក (CDC) និងអង្គការសុខភាពពិភពលោក (WHO) ចំពោះកិច្ចខិតខំប្រឹងប្រែងដ៏ធំធេង និងឆ្លាតវៃរបស់ពួកគេ ក្នុងការការពារការផ្ទុះឡើងនូវវីរុសឆ្លង ដែលមានដើមកំណើតនៅទីក្រុង វូហាន ប្រទេសចិន ពីការក្លាយជាការគំរាមកំហែងរបស់ពិភពលោក។
លោកថា «CDC និង និង អង្គការសុខភាពពិភពលោក បាននិងកំពុងធ្វើការយ៉ាងស្វាហាប់និងឆ្លាតវៃណាស់ ។ ផ្សារហ៊ុនចាប់ផ្តើមមើលទៅល្អសម្រាប់ខ្ញុំ!»។
ទោះយ៉ាងណា ផ្សារភាគហ៊ុនអាមេរិកបានធ្លាក់ចុះយ៉ាងខ្លាំងកាលពីថ្ងៃច័ន្ទដោយធ្លាក់ចុះជាង ១.០០០ ពិន្ទុ ដោយសារករណីឆ្លងវីរុស ត្រូវបានកត់ត្រាដោយមន្រ្តីសុខាភិបាល ដែលជាហេតុធ្វើឱ្យមានការព្រួយបារម្ភថា ការរីករាលដាលនៃវីរុសនេះនឹងនាំឱ្យមានការធ្លាក់ចុះ នៃសេដ្ឋកិច្ចពិភពលោក៕ ប្រែសម្រួលៈ ណៃ តុលា