ព្រឹត្តិការណ៍

នាយករដ្ឋមន្រ្តីវ័យ ៩៤ឆ្នាំរបស់ម៉ាឡេស៊ី ត្រូវបានមហាក្សត្រ តែងតាំងជានាយករដ្ឋមន្រ្តីបណ្តោះអាសន្ន ក្រោយដាក់លិខិត លាលែងពីតំណែង

បរទេស៖ ទីភ្នាក់ងារសារព័ត៌មានរ៉យទ័របានដកស្រង់សំដីប្រភពពីរដែលមានដឹងដោយផ្ទាល់អំពីបញ្ហានេះដែលថា នាយករដ្ឋមន្រ្តីម៉ាឡេស៊ីលោក មហាធៀ មហាម៉េដ បានដាក់លិខិតស្នើលាលែងពីតំណែងទៅកាន់ព្រះមហាក្សត្រ។ យ៉ាងណាក៏ដោយ ព្រះមហាក្សត្រ Abdullah Ri’ayatuddin Al-Mustafa Billah Shah ក៏បានតែងតាំងលោកបណ្ឌិត មហាធៀ ជានាយករដ្ឋមន្ត្រីបណ្តោះអាសន្នរហូតដល់មានការជ្រើសរើសនាយករដ្ឋមន្រ្តីថ្មីស្របតាមមាត្រា ៤៣ (២) (ក) នៃរដ្ឋធម្មនុញ្ញសហព័ន្ធ។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២០ បានឱ្យដឹងថា យោងតាមការិយាល័យនាយករដ្ឋមន្ត្រី គឺនាយករដ្ឋមន្ត្រីម៉ាឡេស៊ី ដែលមានវ័យ ៩៤ ឆ្នាំ លោក មហាធៀ មហាម៉េដ បានផ្ញើលិខិតលាលែងទៅព្រះមហាក្សត្រ។

ការិយាល័យរបស់លោក មហាធៀ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “ លិខិតនេះត្រូវបានផ្ញើទៅព្រះមហាក្សត្រនៅវេលាម៉ោង ១ រសៀល។ ការសម្រេចសុំលាលែងនេះ បានកើតឡើងភ្លាមៗបន្ទាប់ពីការប៉ុនប៉ងរបស់សម្ព័ន្ធមិត្តរបស់លោក បង្កើតរដ្ឋាភិបាលថ្មីមួយ ដើម្បីរារាំងផ្ទេរអំណាចរបស់លោកឲ្យទៅលោក Anwar Ibrahim ដែលជាអតីតគូប្រជែងរបស់លោកមហាធៀ។

គណបក្សរបស់លោក មហាធៀ ក៏បានប្រកាសផងដែរថាខ្លួនបានចាកចេញពីសម្ព័ន្ធភាពដែលកំពុងកាន់អំណាច៕
ប្រែសម្រួលៈ ណៃ តុលា

Most Popular

To Top