បរទេស៖ មន្ត្រីសុខាភិបាល នៅក្នុងទីក្រុង Najaf ប្រទេសអ៊ីរ៉ាក់ ទើបបានរកឃើញករណីឆ្លង កូរ៉ូណាវីរុសដំបូងក្នុងប្រទេស ដោយវីរុសថ្មីនេះបានឆ្លងទៅនិស្សិតសាសនាវិទ្យាមួយរូប នេះបើយោងតាមសម្តីរបស់ក្រសួងសុខាភិបាលអ៊ីរ៉ាក់ បាននិយាយប្រាប់ឲ្យដឹងនៅថ្ងៃចន្ទនេះ។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ ក្រសួងសុខាភិបាលអ៊ីរ៉ាក់បានប្រាប់ថា និស្សិតរូបនោះ បានចូលទៅក្នុងប្រទេសអ៊ីរ៉ាក់ នៅមុនពេលរដ្ឋាភិបាលបិទច្រកព្រំដែន និងហាមឃាត់មិនឲ្យអ្នកណាម្នាក់មិនមែនជនជាតិអ៊ីរ៉ាក់ ចូលមកពីប្រទេសអ៊ីរ៉ង់។
សេចក្តីថ្លែងការណ៍ក្រសួងសុខាភិបាលអ៊ីរ៉ាក់ បាននិយាយយ៉ាងដូច្នេះថា “វាបានជាក់ច្បាស់ណាស់ចំពោះក្រសួងថា លទ្ធផលតេស្តពីមន្ទីរពិសោធន៍ ដែលបានធ្វើឡើងលើនិស្សិតសាសនាវិទ្យា ជាជនជាតិអ៊ីរ៉ង់មួយរូប ដែលបានចូលមកក្នុងប្រទេសអ៊ីរ៉ាក់ មុនពេលមានការសម្រេចចិត្តបញ្ឈប់មិនឲ្យធ្វើដំណើរនោះ បានបង្ហាញថា គាត់មានជម្ងឺដោយកូរ៉ូណាវីរុស”៕ ប្រែសម្រួល៖ប៉ាង កុង