ព្រឹត្តិការណ៍

ការវាយប្រហារតាមអាកាសអាមេរិក សម្លាប់កម្លាំងប្រយុទ្ធឥស្លាមជ្រុលនិយម៤នាក់ ស្របពេលមានបទឈប់បាញ់គ្នា ជាមួយពួកតាលីបង់

បរទេស៖ មន្ត្រីយោធាបាននិយាយប្រាប់ថា កម្លាំងប្រយុទ្ធរបស់ក្រុមឥស្លាមជ្រុលនិយមចំនួន៤នាក់ ត្រូវការវាយប្រហារតាមអាកាសរបស់សហរដ្ឋអាមេរិក សម្លាប់នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន កាលពីថ្ងៃអង្គារម្សិលមិញនេះ ដែលកំពុងស្ថិតក្នុងអំឡុងពេលមានបទឈប់បាញ់គ្នារយៈពេល៧ថ្ងៃ រវាងសហរដ្ឋអាមេរិកនិងពួកតាលីបង់។

មន្ត្រីនាំពាក្យកងកម្លាំងសហរដ្ឋអាមេរិកប្រចាំនៅអាហ្វហ្គានីស្ថាន លោក Sonny Leggett បានមានប្រសាសន៍តាមបណ្ដាញសង្គមធ្វីតធ័រថា កម្លាំងប្រយុទ្ធឥស្លាមជ្រុលនិយម ត្រូវបានសម្លាប់ក្នុងការវាយប្រហារតាមអាកាសចំនួនពីរ ដែលផ្តោតគោលដៅលើទីតាំងក្នុងខេត្ត Kunar ជិតព្រំដែនប៉ាគីស្ថាន។

យោងតាមសេចក្តីរាយការណ៍ ពីទីភ្នាក់ងារសារព័ត៌មាន UPI បានឲ្យដឹងថា លោក Sonny Leggett បានមានប្រសាសន៍យ៉ាងដូច្នេះថា “យើងនៅតែបន្តលុបបំបាត់ក្រុមភេរវករនានា គ្រប់ទីកន្លែងដែលពួកគេលាក់ខ្លួនទាំងអស់ ដើម្បីការពារប្រទេសអាហ្វហ្គានីស្ថាន ស្របពេលមានការគោរពចំពោះកិច្ចព្រមព្រៀង រវាងអាមេរិកនិងពួកតាលីបង់ កាត់បន្ថយអំពើហិង្សា” ៕ ប្រែសម្រួល៖ប៉ាង កុង

Most Popular

To Top