បរទេស៖ ស្របពេលដែលអាមេរិកនិងឥណ្ឌា ប្រកាសកិច្ចព្រមព្រៀងការពារជាតិ មានទំហំជាទឹកប្រាក់ជាង៣ពាន់លានដុល្លារ នៅក្នុងអំឡុងដំណើរទស្សនកិច្ច របស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ចាប់ផ្តើមពីថ្ងៃចន្ទសប្ដាហ៍នេះនោះ សំណើទិញកូនដ្រូនប្រដាប់អាវុធពីសហរដ្ឋអាមេរិក សម្រាប់យោធាឥណ្ឌា កំពុងតែដំណើរការ ហើយចំនួនដែលតម្រូវនោះ នាពេលបច្ចុប្បន្ននេះ បានសម្រេចរួចរាល់ហើយ ។
ប្រភពការពារជាតិមួយបាននិយាយប្រាប់ថា សំណើទិញកូនដ្រូនចំនួន៣០គ្រឿង សម្រាប់យោធាឥណ្ឌា កំពុងតែប្រព្រឹត្តទៅ ហើយចំនួនកំណត់ នាពេលបច្ចុប្បន្ននេះ បានសម្រេចហើយ ចំណែកតម្លៃនិងទិន្នន័យដែលមាន គឺទទួលបានហើយ ពីសហរដ្ឋអាមេរិក ។
គួរបញ្ជាក់ថា នៅសប្ដាហ៍នេះក្នុងអំឡុងដំណើរទស្សនកិច្ចរបស់លោក ត្រាំ នៅទីក្រុងញូដេលី ប្រទេសឥណ្ឌា ភាគីទាំងពីរ គឺអាមេរិកនិងឥណ្ឌា បានធ្វើការប្រកាសពីកិច្ចព្រមព្រៀងការពារជាតិ សម្រាប់ឧទ្ធម្ភាគចក្រយោធាពុហតួនាទី ចំនួន២៤គ្រឿង សម្រាប់ទ័ពជើងទឹក និងឧទ្ធម្ភាគចក្រចម្បាំង AH-64E Apache ចំនួន៦គ្រឿង សម្រាប់កងទ័ពជើងគោក សរុបជាទឹកប្រាក់ទាំងអស់ប្រហែល៣ពាន់លានដុល្លារ៕ ប្រែសម្រួល៖ប៉ាង កុង