បរទេស៖ទីក្រុងសេអ៊ូល បាននិយាយនៅពេលថ្មីៗនេះថា ជម្លោះដែលដោះស្រាយមិនទាន់បាន រវាងប្រទេសកូរ៉េខាងត្បូងនិងប្រទេសជប៉ុន ជុំវិញដីការបស់តុលាការកូរ៉េខាងត្បូង ឲ្យជប៉ុនសងជម្ងឺចិត្តដល់ជនរងគ្រោះរងការបង្ខំឲ្យធ្វើការងារក្នុងសម័យសង្គ្រាមនោះ នឹងអូសបន្លាយដោយចៀសមិនរួច។
រដ្ឋមន្ត្រីការបរទេសកូរ៉េខាងត្បូង លោកស្រី កាង គ្យុងវ៉ា បានមានប្រសាសន៍នៅក្នុងពេលប្រជុំបកស្រាយនៅរដ្ឋសភាជាតិថា ទីក្រុងសេអ៊ូលនិងទីក្រុងតូក្យូ កំពុងស្ថិតនៅកណ្ដាលនៃការចរចាជុំវិញការសងជម្ងឺចិត្ត ដែលលេចធ្លោរឡើងក្នុងឆ្នាំ២០១៨ និងអាចនឹងបង្កឲ្យមានជម្លោះពាណិជ្ជកម្មរវាងប្រទេសទាំងពីរ។
យោងតាមកាសែតកូរ៉េខាងត្បូង យុនហាប់ បានឲ្យដឹងថា លោកស្រីរដ្ឋមន្ត្រីការបរទេសកូរ៉ខាងត្បូង បានថ្លែងយ៉ាងដូច្នេះថា “រដ្ឋាភិបាល នាពេលថ្មីៗនេះ បានធ្វើការឆ្លើយតបចំពោះបញ្ហាជាមួយទស្សនៈថា វាអាចពិភាក្សាសមហេតុផលផ្សេងៗ ដោយប្រកាន់ខ្ជាប់នូវគោលការណ៍ចំនួនពីរ គឺការគោរពការវិនិច្ឆ័យរបស់តុលការកំពូលកូរ៉េខាងត្បូង និងការអនុវត្តសិទ្ធិជនរងគ្រោះចំពោះរឿងសំណង”៕ ប្រែសម្រួល៖ប៉ាង កុង