ព្រឹត្តិការណ៍

អាមេរិក អំពាវនាវឲ្យកូរ៉េខាងជេីង បញ្ឈប់សកម្មភាពបង្កហេតុ និងវិលចូលតុចរចាវិញ

វ៉ាស៊ីនតោន៖ ក្រសួងការបរទេសសហរដ្ឋអាមេរិក បានអំពាវនាវដល់ប្រទេស កូរ៉េខាងជើង ឱ្យចៀសវាងការបង្កហេតុ និងវិលត្រឡប់ទៅរកកិច្ចចរចានុយក្លេអ៊ែរវិញ បន្ទាប់ពីទីក្រុងព្យុងយ៉ាងបានបាញ់មីស៊ីលរយៈចម្ងាយ ខ្លីចំនួន ៣ គ្រាប់ចូលទៅក្នុងសមុទ្រខាងកេីត។

យោធាកូរ៉េខាងត្បូងបានឲ្យដឹងថា ការបាញ់មីសីលកាលពីថ្ងៃច័ន្ទ ហាក់ដូចជាផ្នែកមួយនៃសមយុទ្ធបាញ់កាំភ្លើងធំដែលមាន លក្ខណៈស្រដៀងនឹងការបាញ់ មីស៊ីលរយៈចម្ងាយខ្លីពីរដើមកាលពីសប្តាហ៍មុនផងដែរ។

មន្រ្តីយោធាកូរ៉េខាងត្បូង បានឲ្យដឹងទៀតថា មីស៊ីលទាំងនេះបាញ់ចេញពីកាំជ្រួចរ៉ុក្កែត គឺខុសគ្នាបន្តិចបន្តួចពីមីស៊ីលផ្លោងរយៈចម្ងាយ ខ្លី ដែលកូរ៉េខាងជើងត្រូវ បានហាមឃាត់មិនឱ្យសាកល្បងក្រោមសេចក្តី សម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការ សហប្រជាជាតិ៕ ដោយ ឈូក បូរ៉ា

Most Popular

To Top