យោងតាមអ្នកឃ្លាំមើល របស់អតិថិជនបានឲ្យដឹងថា ស្មាតហ្វូនដែលប្រើប្រាស់ប្រព័ន្ធ Android ជាងមួយពាន់លានគ្រឿង កំពុងប្រឈម នឹងការលួចចូល ពីព្រោះពួកគេលែងទទួលបានបច្ចុប្បន្នភាព សុវត្ថិភាពទៀតហើយ យោងតាមការចេញផ្សាយពីSkyNews ។
ដោយមានមនុស្ស២នាក់ ក្នុងចំណោម អ្នកប្រើប្រាស់ ប្រព័ន្ធប្រតិបត្តិការ Android អាចងាយរងគ្រោះ ចំពោះឧក្រិដ្ឋជនអ៊ីនធើណេត ពីព្រោះកំហុសសុវត្ថិភាព នៅក្នុងប្រព័ន្ធប្រតិបត្តិការទូរស័ព្ទ មិនត្រូវបានជួសជុលដោយ Google ទេ ។ ពួកគេបានបញ្ជាក់ថា ទូរស័ព្ទ និងថេប្លេតរួម ទាំង២នេះនៅតែអាចរកទិញបានពីទីផ្សារអនឡាញដូចជា Amazon អាចរងផលប៉ះពាល់ពីមេរោគ និង ការគំរាមកំហែងផ្សេងៗទៀត។
អង្គការនេះបានព្រមានថា នេះអាចបណ្តាលឲ្យទិន្នន័យផ្ទាល់ខ្លួន ត្រូវបានគេលួចទទួលបានសារ ឥតបានការពីការផ្សាយ ពាណិជ្ជកម្ម ឬសូម្បីតែបានចុះឈ្មោះ ប្រើសេវាទូរស័ព្ទដែលមានតម្លៃខ្ពស់ ។ ទិន្នន័យរបស់ Google រាយការណ៍ថា ជាង ៤២ភាគរយ នៃអ្នកប្រើប្រាស់ប្រព័ន្ធប្រតិបត្តិការ Android ទូទាំងពិភពលោកនៅតែកំពុងប្រើប្រាស់ជំនាន់ ៦,០ នៃប្រព័ន្ធប្រតិបត្តិការ Android ដែលគេស្គាល់ថា ជា Marshmallow ឬប្រភេទមុន ៗ ។
Marshmallow ត្រូវបានដោះលែងកាលពីខែតុលាឆ្នាំ ២០១៥ ហើយមិនបានទទួលការធ្វើបច្ចុប្បន្នភាព សុវត្ថិភាពណាមួយទេចាប់តាំងពីឆ្នាំ ២០១៩ ។ អ្នកនាំពាក្យរបស់ Google បានប្រាប់ Sky News ថា យើងបានប្តេជ្ញាចិត្ត ដើម្បីធ្វើឲ្យប្រសើរឡើង នូវសុវត្ថិភាពសម្រាប់ឧបករណ៍ Android រាល់ថ្ងៃ។
ក្រុមហ៊ុនបាននិយាយថា អ្នកដែលជាម្ចាស់ទូរស័ព្ទដែលដំណើរការប្រព័ន្ធ Android ជំនាន់ចាស់គួរតែទាក់ទងទៅក្រុមហ៊ុនផលិតរបស់ពួកគេដើម្បីពិនិត្យមើលថា តើពួកគេអាចជួសជុលសុវត្ថិភាព របស់ឧបករណ៍បានដែរឬទេ៕
ដោយ៖លី ភីលីព