ប្រវត្តិសាស្ត្រ: ពីរខែបន្ទាប់ពីការចុះហត្ថលេខា លើកិច្ចព្រមព្រៀងសន្តិភាពវៀតណាម កងទ័ពអាមេរិកចុងក្រោយ បានចាកចេញពីវៀតណាមខាងត្បូង នៅពេលដែលរដ្ឋាភិបាលក្រុងហាណូយ ក៏ដោះលែងអ្នកទោសអាមេរិក ដែលនៅសេសសល់ទាំងប៉ុន្មាន ដែលបានឃុំខ្លួន នៅវៀតណាមភាគខាងជើង។ នាថ្ងៃទី២៩ ខែមីនា ត្រូវបានគេជឿជាក់ថា សង្គ្រាមរយៈពេលប្រាំបីឆ្នាំ ដោយអាមេរិក នៅក្នុងសង្គ្រាមវៀតណាម ត្រូវបានបញ្ចប់ជាស្ថាពរ។
ទោះបីជាការប្រកាសដកទ័ព ពីសំណាក់អាមេរិកក្តី ប៉ុន្តែគេសង្កេតឃើញថា នៅទីក្រុងសៃហ្គន កងកម្លាំងស៊ីវិលអាមេរិក ប្រមាណជា៧០០០ នាក់ នៅបន្តស្នាក់នៅនៅឡើយ ដើម្បីជួយដល់វៀតណាមខាងត្បូង ដែលវៀតណាមខាងជើង បានមើលឃើញថា វាគឺជាការបន្តធ្វើសង្រ្គាមប្រឆាំង
ទៅនឹងវៀតណាមកុម្មុយនិស្តដដែល ពីសំណាក់អាមេរិក។
ជាក់ស្តែងពិតមែននៅដើមឆ្នាំ១៩៧៤ សង្រ្គាមដ៏ខ្លាំងក្លា បានផ្ទុះឡើងសាជាថ្មី ហើយនៅចុងឆ្នាំ១៩៧៤ អាជ្ញាធរវៀតណាមខាងត្បូង បានរាយការណ៍ថា ទាហាននិងជនស៊ីវិល៨០០០០ នាក់របស់ពួកគេ ត្រូវបានសម្លាប់នៅក្នុងការប្រយុទ្ធគ្នា ក្នុងកំឡុងឆ្នាំនោះហើយ ក៏បាននាំឲ្យវាក្លាយទៅជាសង្គ្រាម ដែលមានចំណាយច្រើនបំផុត នៃប្រវត្តិសង្គ្រាមរបស់អាមេរិក៕
ប្រែសម្រួល:ស៊ុនលី




