បរទេស៖ ក្រុមអ្នកស្រាវជ្រាវ ជនជាតិវៀតណាម បានបង្កើតបន្ទប់ កម្ចាត់មេរោគចល័ត ដើម្បីបម្រើដល់ប្រជាជន ដែលកំពុងធ្វើការនៅតំបន់ ដែលរងផលប៉ះពាល់ ដោយមេរោគ Covid-19 ។
យោងតាមសារព័ត៌មាន VN Express ចេញផ្សាយនៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២០ បានឱ្យដឹងថា វិទ្យាស្ថានជាតិសុខភាពការងារ និងបរិស្ថាន និងសាកលវិទ្យាល័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ក្រុងហាណូយ បានផលិតម៉ាស៊ីននេះឡើង សម្រាប់កម្ចាត់មេរោគ ចំពោះអ្នកដែលធ្វើការដោយផ្ទាល់ ឬធ្វើការជាមួយអ្នកជម្ងឺ Covid-19 ដែលជាជំងឺរលាកសួតធ្ងន់ធ្ងរ ដែលបណ្តាលមកពីវីរុសថ្មីកូរ៉ូណា។
ប្រព័ន្ធនេះមានពីរបន្ទប់ ដែលបន្ទប់ទីមួយ គឺបាញ់ទឹក ដែលមានចរន្តអគ្គិសនី ក្នុងទំរង់ដំណក់ទឹក និងបន្ទប់មួយទៀត គឺដឹកនាំកំដៅ និងអូហ្សូនចូលក្នុងខ្លួនមនុស្ស។
លោក Doan Hong Hai ប្រធានវិទ្យាស្ថាន បានមានប្រសាសន៍ថា វិទ្យាស្ថានបានសំរេចចិត្ត បង្កើតវាចាប់តាំងពីមនុស្ស ដែលធ្វើការដោយផ្ទាល់ នៅក្នុងតំបន់ ដែលមានការឆ្លងមេរោគ ត្រូវបានរកឃើញ ឬព្យាបាល មិនមានមធ្យោបាយណាមួយ ដើម្បីសម្លាប់មេរោគដោយខ្លួនឯង ដោយបានពេញលេញ៕ ប្រែសម្រួលៈ ណៃ តុលា