បរទេស៖រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Mike Pompeo បាននិយាយប្រាប់ នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ លោក Adel Abdul Mahdi ថា សហរដ្ឋអាមេរិកនឹងចាត់វិធានការ ក្នុងកិច្ចការពារខ្លួន ប្រសិនបើរងការវាយប្រហារ នេះបើយោងតាម សេចក្តីថ្លែងការណ៍មួយ នៅថ្ងៃចន្ទនេះ ក្រោយការវាយប្រហារដោយគ្រាប់ រ៉ុកកែតទីពីរ លើមូលដ្ឋាន យោធានៅអ៊ីរ៉ាក់ ដែលជាទីតាំងឈរជើងរបស់កងទ័ពអាមេរិក កំពុងតជួយ ប្រយុទ្ធនឹងក្រុមរដ្ឋឥស្លាមជ្រុលនិយម។
សេចក្តីថ្លែងការណ៍នោះបាននិយាយដូច្នេះថា “លោករដ្ឋមន្ត្រី Pompeo បានគូសបង្ហាញថា ក្រុមដែលត្រូវទទួលខុសត្រូវចំពោះការវាយប្រហារទាំងនេះ ត្រូវតែធ្វើការទទួលខុសត្រូវ ហើយលោករដ្ឋមន្ត្រី Pompeo បានធ្វើការកត់សម្គាល់ថា អាមេរិកនឹងមិនអត់ទ្រាំចំពោះការវាយប្រហារនិងការគម្រាមកំហែងចំពោះអាយុជីវិត អាមេរិក ហើយនិងចាត់វិធានការបន្ថែមទៀត ប្រសិនបើចាំបាច់ក្នុងកិច្ចការពារខ្លួន”។
គួរបញ្ជាក់ថា លោករដ្ឋមន្ត្រីការបរទេសអាមេរិក និងលោកនាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ បានពិភាក្សាគ្នា កាលពីថ្ងៃអាទិត្យក្រោយមួយថ្ងៃ បន្ទាប់ពីកងទ័ពអាមេរិក៣នាក់និងកងកម្លាំងអ៊ីរ៉ាក់ជាច្រើននាក់ បានរងរបួសក្នុងការវាយប្រហារដោយគ្រាប់រ៉ុកកែតជាលើកទីពីរ កាលពីសប្ដាហ៍កន្លងទៅ ទៅលើមូលដ្ឋានយោធាក្នុងប្រទេសអ៊ីរ៉ាក់ ស្ថិតនៅខាងជើងទីក្រុងបាដាដ៕ ប្រែសម្រួល៖ប៉ាង កុង