បរទេស៖ ទីបញ្ជាការយោធា តាមសេចក្តីរាយការណ៍ បានប្រកាសនៅថ្ងៃចន្ទសប្ដាហ៍នេះថា ការចូលរួមរបស់ទីបញ្ជាការនៅអឺរ៉ុប របស់សហរដ្ឋអាមេរិក ក្នុងសមយុទ្ធយោធា Defender-Europe 20 នឹងត្រូវបានកាត់បន្ថយ ដោយសារតែក្តីព្រួយបារម្ភ ជុំវិញរឿងកូរ៉ូណាវីរុស។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ បាននិយាយថា ទាហានសហរដ្ឋអាមេរិក ប្រហែល២០.០០០នាក់ ដោយរួមមានទាំងកងកម្លាំងបម្រុង កងកម្លាំងសកម្ម និងកងកម្លាំងការពារជាតិ ត្រូវគេរំពឹងថា នឹងចូលរួមជាមួយបុគ្គលិកយោធា មកពីប្រទេសអឺរ៉ុប ចំនួន១០ប្រទេស ប៉ុន្តែនៅក្នុងពេលបច្ចុប្បន្ននេះ កងកម្លាំងជាច្រើន នឹងវិលត្រឡប់ទៅសហរដ្ឋអាមេរិកវិញ។
សេចក្តីថ្លែងការណ៍ របស់ទីបញ្ជាការអឺរ៉ុប របស់សហរដ្ឋអាមេរិក បាននិយាយនៅថ្ងៃចន្ទថា “នៅថ្ងៃទី១៣ ខែមីនា រាល់ការចល័តបុគ្គលិកនិងសម្ភារៈទាំងអស់ ពីសហរដ្ឋអាមេរិក ទៅកាន់អឺរ៉ុប ត្រូវបានផ្អាក។ សុខភាព សុវត្ថិភាព និងការត្រៀមលក្ខណៈជាស្រេច សម្រាប់យោធារបស់យើង ជនស៊ីវិល និងសមាជិកក្រុមគ្រួសារ គឺជាក្តីព្រួយបារម្ភដ៏ចម្បងរបស់យើង ហើយជាមួយនឹងការសម្រេចចិត្តនេះ យើងបន្តរក្សាការត្រៀមខ្លួនជាស្រេច របស់កងកម្លាំងរបស់យើង ទន្ទឹងនឹងការបង្កើន កិច្ចខិតខំប្រឹងប្រែង របស់យើងឲ្យដល់កម្រិតអតិបរិមា ធ្វើឲ្យកាន់តែប្រសើរឡើង នូសម្ពន្ធភាព និងភាពជាដៃគូរបស់យើង”៕ ប្រែសម្រួល៖ប៉ាង កុង