តូក្យូ៖ អ្នករៀបចំព្រឹត្តិការណ៍ កីឡាអូឡាំពិក កំពុងជំរុញទៅមុខ ជាមួយនឹងការបញ្ជូនតភ្លើងគប់របស់ជប៉ុន បើទោះបីជាមានការគំរាមកំហែង នៃការរាលដាលមេរោគឆ្លងកូរ៉ូណាក៏ដោយ នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឆៃណាឌៀលី។
អណ្តាតភ្លើងអូឡាំពិក ដែលគ្រោងនឹងមកដល់នៅថ្ងៃសុក្រ ពីប្រទេសក្រិក គ្រោងនឹងធ្វើដំណើរ ទៅកាន់ប្រទេសនេះ រយៈពេល៤ខែ ចាប់ពីថ្ងៃទី ២៦ ខែមីនា រហូតដល់ការគ្រោង បើកព្រឹត្តិការណ៍អូឡាំពិក នៅថ្ងៃទី ២៤ ខែកក្កដា នៅពហុកីឡដ្ឋានជាតិ ក្នុងទីក្រុងតូក្យូ។
លោក Toshiro Muto នាយកប្រតិបត្តិ នៃគណៈកម្មាធិការរៀបចំ បាននិយាយថា ហ្វូងមនុស្សនឹងត្រូវបានអនុញ្ញាត ឲ្យប្រមូលផ្តុំគ្នានៅតាមដងផ្លូវ ដើម្បីមើលការបញ្ជូនត។ ជើងទីមួយចាប់ផ្តើម នៅភាគខាងជើង នៃខេត្តហ្វូគូស៊ីម៉ា ដែលត្រូវបានបំផ្លិចបំផ្លាញ ក្នុងឆ្នាំ ២០១១ ដោយសារការរញ្ជួយដីស៊ូណាមី និងការរលាយ នៃរ៉េអាក់ទ័រនុយក្លេអ៊ែរចំនួន ៣ ។
លោក Muto បានស្នើសុំការអត់ធ្មត់ និងព្រមានថា ការបញ្ជូនត អាចត្រូវបានបញ្ឈប់ ឬពន្យារពេល។ តាមរយៈការបកស្រាយ អ្នកបកប្រែម្នាក់លោក Muto បានមានប្រសាសន៍ថា យើងចង់ស្នើសុំឲ្យអ្នក ដែលមានអារម្មណ៍មិនស្រួល ក្នុងការជៀសវាងពីការនៅតាមផ្លូវ។
យើងក៏ចង់សំណូមពរ ឲ្យប្រជាជនចៀសវាងពីហ្វូងមនុស្ស នៅពេលដែលស្រែកអបអរតាមដងផ្លូវ ក្នុងករណីមានមនុស្សច្រើនកកកុញ យើងប្រហែលជាត្រូវផ្លាស់ប្តូររបៀប ដែលយើងអនុវត្តការបញ្ជូនតវិញ៕ ដោយ៖លី ភីលីព