បរទេស៖ កងកម្លាំងអវកាសសហរដ្ឋអាមេរិក តាមសេចក្តីរាយការណ៍ នៅពេលថ្មីៗនេះ បានធ្វើការប្រកាសអំពីអាវុធ វាយប្រហារដំបូងបំផុតរបស់ខ្លួន ដែលជាឧបករណ៍ធ្វើឲ្យរាំងស្ទះ ដល់កិច្ចទំនាក់ទំនងគ្នា មានមូលដ្ឋានលើផែនដីមួយ ដើម្បីបិទការបញ្ជូនទិន្នន័យ របស់ផ្កាយរណប។
កងកម្លាំងអវកាសអាមេរិក បានប្រកាសនៅថ្ងៃសុក្រសប្ដាហ៍មុនថា ប្រព័ន្ធរារាំងទំនាក់ទំនង Block 10.2 ទើបទទួលបានសមត្ថភាព ប្រតិបត្តិការជាលើកដំបូង កាលពីដើមខែនេះ ហើយវាត្រូវបានបញ្ជូន ពីមូលដ្ឋានកងកម្លាំងទ័ពអាកាស នៅរដ្ឋ Los Angeles ទៅមូលដ្ឋានទ័ពអាកាស Peterson ក្រោយត្រូវបានប្រកាស ពីសមត្ថភាពប្រតិបត្តិការ ដោយនាយកកម្មវិធីពិសេស នៃមជ្ឈមណ្ឌលអវកាសនិងមីស៊ីល។
លោក Stephen Purdy ជានាយកកម្មវិធីពិសេស នៃមជ្ឈមណ្ឌលអវកាសនិងមីស៊ីល បាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយថា ប្រព័ន្ធនេះរួមបញ្ចូល ទាំងប៉ុស្តិ៍ប្រេកង់បន្ថែម និងលក្ខណៈពិសេសផ្សេងទៀត ជាមួយជម្រើសបន្ថែម ដើម្បីរំខានដល់កិច្ចទំនាក់ទំនងគ្នា តាមផ្កាយរណបរបស់សត្រូវ និងអាចត្រូវបានធ្វើទំនើបកម្ម ជាមួយមធ្យោបាយ អភិវឌ្ឍកម្មវិធីសូហ្វហ្វែ៕ ប្រែសម្រួល៖ប៉ាង កុង