ព្រឹត្តិការណ៍

ទ័ពជើងទឹក អាមេរិក ផ្តល់កុងត្រា ជិត៣២០លានដុល្លារ ដល់ក្រុមហ៊ុន Pratt & Whitney ដើម្បីផលិតម៉ាស៊ីន យន្តហោះចម្បាំង F-35

បរទេស ៖ ទ័ពជើងទឹកសហរដ្ឋអាមេរិក បានផ្តល់កុងត្រាជិត៣២០លានដុល្លារ ឲ្យដល់ក្រុមហ៊ុនបច្ចេកវិទ្យាអាមេរិក Pratt & Whitney ដើម្បីធ្វើការផលិតប្រព័ន្ធរុញច្រានចំនួន៣២គ្រឿង សម្រាប់យន្តហោះចម្បាំង បំបាំងកាយ F-35 ឲ្យដល់ទ័ពជើងទឹក ទ័ពអាកាសនិងប្រទេសជប៉ុន។

កុងត្រាមានទំហំទឹកប្រាក់ ៣១៩,៧លានដុល្លារ ដែលក្រសួងការបរទេស ប្រកាសនៅថ្ងៃចន្ទសប្ដាហ៍នេះ បង្ហាញពីជម្រើសមួយ សម្រាប់ផលិតកម្មនិងការបញ្ជូនប្រព័ន្ធរុញច្រាន F135-PW-100 ចំនួន២០គ្រឿង ឲ្យទ័ពជើងទឹក ប្រព័ន្ធរុញច្រាន F135-PW-100 ចំនួន៦គ្រឿង ឲ្យកងកម្លាំងទ័ពអាកាសអាមេរិក និងប្រព័ន្ធរុញច្រាន F135-PW-100 ចំនួន៦គ្រឿង ឲ្យដល់រដ្ឋាភិបាលជប៉ុន។

គួរបញ្ជាក់ថា យោងតាមការិយាល័យគណនេយភាព រដ្ឋាភិបាលសហរដ្ឋអាមេរិក បានឲ្យដឹងថា ប្រព័ន្ធរុញច្រាន F135-PW-100 របស់ក្រុមហ៊ុនបច្ចេកវិទ្យាអាមេរិក Pratt & Whitney នេះ នឹងផ្តល់ថាមពលយន្តហោះចម្បាំង F-35 ទាំង៣ប្រភេទ ដែលជាយន្តហោះចម្បាំងជំនាន់ថ្មី អភិវឌ្ឍផលិតឡើងដោយក្រុមហ៊ុន Lockheed Martin សម្រាប់យោធាសហរដ្ឋអាមេរិក៕
ប្រែសម្រួល៖ប៉ាង កុង

Most Popular

To Top