បរទេស ៖ ទ័ពជើងទឹកសហរដ្ឋអាមេរិក តាមសេចក្តីរាយការណ៍ បានប្រកាសនៅថ្ងៃអង្គារ សប្ដាហ៍នេះថា នាវាពិឃាតអនាគត អាមេរិក USS Delbert D. Black ដែលគេហៅថា DDG 119 នោះ ទើបបានបញ្ចប់យ៉ាងជោគជ័យ នូវការសាកល្បងទទួលយក ក្រោយចំណាយពេលពីរថ្ងៃនៅសមុទ្រ ក្នុងឈូងសមុទ្រម៉ិកស៊ិក ។
ការតេស្តសាកល្បង ដើម្បីទទួលយក ដែលនាវា USS Delbert D. Black បានបញ្ចប់ កាលពីថ្ងៃទី១២ ខែមីនានោះ អនុញ្ញាតឲ្យគណៈត្រួតពិនិត្យ និងស្ទង់មតិរបស់ទ័ពជើងទឹក សហរដ្ឋអាមេរិក ធ្វើការពិនិត្យមើលការបង្ហាញ របស់នាយនាវិក នៃនាវាពិឃាតនោះ ក្នុងពេលធ្វើសកម្មភាពជាបន្តបន្ទាប់ នៅមុនពេលធ្វើ បេសកកម្មដែលគ្រោងទុក។
យោងតាមសេចក្តី រាយការណ៍មួយ ដែលចេញផ្សាយ ដោយទីភ្នាក់ងារ សារព័ត៌មាន UPI នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២០ បានឲ្យដឹងថា នៅមុនពេលបញ្ជូននាវានេះ ទៅឲ្យទ័ពជើងទឹក សហរដ្ឋអាមេរិក លក្ខណៈពិសេសនានា ត្រូវបានវាយតម្លៃ ដោយរួមបញ្ចូលទាំងគុណភាពនៃការផលិត និងការអនុវត្តទៅតាមលក្ខណៈពិសេស និងតម្រូវការរបស់ទ័ពជើងទឹក៕
ប្រែសម្រួល៖ប៉ាង កុង