ព្រឹត្តិការណ៍

កូរ៉េខាងត្បូង-អាមេរិក ចុះកិច្ចព្រមព្រៀង ផ្លាស់ប្ដូររូបិយប័ណ្ណ មានតម្លៃ ៦០ពាន់លានដុល្លារ

សេអ៊ូល៖ ធនាគារកណ្តាល របស់ទីក្រុងសេអ៊ូល បានឲ្យដឹងថា ប្រទេសកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក បានចុះហត្ថលេខា លើកិច្ចព្រមព្រៀងផ្លាស់ប្តូរ រូបិយប័ណ្ណទ្វេភាគី ដែលមានតម្លៃ ៦០ ពាន់លានដុល្លារអាមេរិក ដែលជាការរំពឹងទុក ដើម្បីបន្ធូរបន្ថយវិបត្តិសាច់ប្រាក់ ដែលបណ្តាលមកពីការរាលដាល នៃមេរោគកូរ៉ូណាថ្មីនេះ។

តាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន យុនហាប់ ដោយយោងតាមធនាគារកូរ៉េ ឱ្យដឹងថា ការប្តូររូបិយប័ណ្ណ នឹងត្រូវមានយ៉ាងហោចណាស់ ៦ ខែ។

ធនាគារកូរ៉េ មានផែនការផ្គត់ផ្គង់ ក្រដាសប្រាក់អាមេរិកភ្លាមៗ ដែលធានាតាមរយៈការរៀបចំ ប្តូររូបិយប័ណ្ណ ហើយនេះត្រូវបានគេរំពឹងថា នឹងជួយធ្វើឱ្យមានស្ថេរភាព ទីផ្សារប្តូរប្រាក់ក្នុងស្រុក ដែលកំពុងបង្ហាញ ពីការផ្លាស់ប្តូរយ៉ាងឆាប់រហ័ស នៃអត្រាប្តូរប្រាក់ ដោយសារតែកង្វះ ប្រាក់ដុល្លារថ្មីៗនេះ៕ ដោយ៖ ឈូក បូរ៉ា

Most Popular

To Top