ព្រឹត្តិការណ៍

កូរ៉េខាងជើង បាញ់មីស៊ីលរយៈចម្ងាយជិត ចំនួន ២គ្រាប់ ក្នុងពេលដែលរដ្ឋឯកាមួយនេះ គ្មានអ្នកឆ្លងមេរោគកូវីដសូម្បីម្នាក់

បរទេស៖ នេះជាលើកទី ៣ ហើយដែលប្រទេស កូរ៉េខាងជើងបាញ់មីស៊ីលនាពេលថ្មីៗនេះ បន្ទាប់ពីការបាញ់សាកល្បងមីស៊ីល មិនស្គាល់អត្តសញ្ញាណចំនួន ៣ គ្រាប់ ចូលសមុទ្រជប៉ុននៅថ្ងៃទី ៩ ខែមីនា។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២០ បានឱ្យដឹងថា ទីភ្នាក់ងារសារព័ត៌មានយ៉ុនហាប់ របស់កូរ៉េខាងត្បូង បានរាយការណ៍ដោយស្រង់សម្តី ពីនាយសេនាធិការចម្រុះកូរ៉េខាងត្បូង (JCS) នៅថ្ងៃសៅរ៍ថា ប្រទេសកូរ៉េខាងជើង បានបាញ់មីស៊ីលផ្លោង រយៈចម្ងាយជិត ចំនួន ២ គ្រាប់ឆ្ពោះទៅសមុទ្រជប៉ុន។ យោងតាមយោធាកូរ៉េ, មីស៊ីលថ្ងៃនេះ ត្រូវបានបាញ់ចេញពីខេត្ត North Pyongan។

JCS បាននិយាយថា “ព្រឹកនេះយោធាកូរ៉េខាងត្បូង បានចាប់ មីស៊ីលចំនួន ២ គ្រាប់ដែលត្រូវបានគេជឿថា ជាមីស៊ីលផ្លោងរយៈចម្ងាយខ្លី ដែលបានបាញ់ចេញពីតំបន់កោះ Pyongan North លើសមុទ្រខាងកើត” ។

យោធាក្រោយមកបាននិយាយថា គ្រាប់មីស៊ីលនោះ ហោះបានចម្ងាយ ៤១០ គីឡូម៉ែត្រឈានដល់កម្ពស់ ៥០ គីឡូម៉ែត្រ។ ព័ត៌មាននេះកើតឡើង បន្ទាប់ពីកូរ៉េខាងជើង បានធ្វើសមយុទ្ធយោធា ជាបន្តបន្ទាប់ក្នុងខែនេះ។

សូមជម្រាបថា កាលពីថ្ងៃទី ៩ ខែមីនា កូរ៉េខាងជើងបានបាញ់មីស៊ីល មិនស្គាល់អត្តសញ្ញាណចំនួន ៣ គ្រាប់ចូលសមុទ្រជប៉ុន ដែល នាយសេនាធិការចម្រុះកូរ៉េខាងត្បូង (JCS) បាននិយាយថា ប្រហែលជាផ្នែកមួយ នៃសមយុទ្ធយោធា ហើយពួកគេប្រឆាំង នឹងកិច្ចព្រមព្រៀងយោធាអន្តរកូរ៉េ។

យោងតាម JCS បានអោយដឹងថា គ្រាប់កាំភ្លើងត្រូវបាន បាញ់ចេញពីភាគខាងកើត នៃទីក្រុង សុនដុក ក្នុងខេត្ត South Hamgyong របស់ប្រទេសកូរ៉េខាងជើង៕
ប្រែសម្រួលៈ ណៃ តុលា

Most Popular

To Top