ព្រឹត្តិការណ៍

លោកអាបេ នឹងជួបពិភាក្សាតាមទូរស័ព្ទ ជាមួយប្រធាន IOC លោក Bach រឿងផែនការ ពន្យារពេលអូឡាំពិក

តូក្យូ៖ ប្រភពពីរដ្ឋាភិបាលជប៉ុន បាននិយាយថា លោកនាយករដ្ឋមន្រ្តីស៊ីនហ្សូ អាបេ នឹងជួបពិភាក្សាតាមទូរស័ព្ទ ជាមួយប្រធាន គណៈកម្មាធិការអូឡាំពិកអន្តរជាតិ នៅថ្ងៃអង្គារនេះ ជុំវិញផែនការពន្យារពេលអូឡាំពិក នៅរដូវក្តៅនេះ នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ។

ប្រភពបាននិយាយថា លោកអាបេត្រូវបានគេរំពឹងថា នឹងប្រាប់លោក Bach ថា ប្រសិនបើការប្រកួត ត្រូវបានពន្យារពេល គួរតែមានរយៈពេលតិចជាងមួយឆ្នាំ។
លោកអាបេ បានប្រាប់សម័យប្រជុំសភា កាលពីថ្ងៃចន្ទថា ព្រឹត្តិការណ៍កីឡាអូឡាំពិក មិនអាចត្រូវបានធ្វើឡើង នៅក្រោមកាលៈទេសៈបច្ចុប្បន្ននោះទេ ដោយលោកលើកឡើង ជាលើកទី ១ ថា ការប្រកួតប្រហែលជាត្រូវពន្យារពេល។

IOC បាននិយាយនៅមុននេះថា ខ្លួននឹងសិក្សាផែនការជំនួស សម្រាប់អូឡាំពិក ដែលគ្រោងនឹងបើក នៅថ្ងៃទី ២៤ ខែកក្កដានិងធ្វើការវាយតម្លៃ នៅក្នុងរយៈពេល ៤ សប្តាហ៍បន្ទាប់។ ប្រភពដដែល បាននិយាយថា ទីក្រុងតូក្យូលោក Gov Yuriko Koike និងលោក Yoshiro Mori ប្រធានគណៈកម្មាធិការរៀបចំ ក៏អាចចូលរួមកិច្ចពិភាក្សា តាមទូរស័ព្ទផងដែរ៕ ដោយ៖លី ភីលីព

Most Popular

To Top