ព្រឹត្តិការណ៍

ទីបំផុត! ព្រឹទ្ធសភាអាមេរិក អនុម័តលើសំណើថវិកា ២ទ្រីលានដុល្លារ ដើម្បីយកមកប្រើប្រាស់ ទប់ស្កាត់ឳនភាពសេដ្ឋកិច្ច

វ៉ាស៊ីនតោន៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២០ថា កាលពីយប់ថ្ងៃពុធ ព្រឹទ្ធសភាសហរដ្ឋអាមេរិក បានអនុម័តលើទឹកប្រាក់ ២ទ្រីលានដុល្លារអាមេរិក ដែលជាកញ្ចប់ថវិកា ដើម្បីយកទៅទប់ស្កាត់ការថយ ចុះសេដ្ឋកិច្ច ដោយជំងឺ COVID-19 ។ ការសម្រេចនេះបានធ្វើឡើង ក្រោយពីមានការជជែកគ្នាយ៉ាងស្វិតស្វាញ រវាងក្រុមសមាជិកមកពីបក្សសាធារណរដ្ឋ និងម្ខាងទៀត មកពីប្រជាធិបតេយ្យ នោះ ។

សមាជិកព្រឺទ្ធសភា បានអនុម័តទៅលើច្បាប់ ដោយមានសំឡេងបោះឆ្នោតគំាទ្រ៩៦ -0សំឡេង ដែលមានសំឡេងគំាទ្រលើស៦០នៃកម្រិតគាំទ្រដែលខ្ពស់បំផុត ។ កញ្ចប់ថវិកាទាំងនេះ ចាំបាច់ត្រូវធ្វើការអនុម័ត ដោយតំណាងរាស្ត្រនៅព្រឹទ្ធសភា នៅមុនពេលបញ្ជូនដល់លោកប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ ចុះហត្ថលេខា ។

ច្បាប់អនុម័តថវិកានេះ មានបំណងដើម្បីទប់ស្ថានភាពសេដ្ឋកិច្ច ដែលរងផលប៉ះពាល់ដោយជំងឺ COVID-19 និងផ្តល់កម្ចីសង្គ្រោះបន្ទាន់ដល់ពាណិជ្ជកម្មខ្នាតតូច ការគិតពន្ធលើពាណិជ្ជកម្ម និងបង្កើនប្រាក់ឧបត្ថម្ភបន្ថែម១.០០០ដុល្លារ ដែលជាការទូទាត់ផ្ទាល់សម្រាប់បុគ្គលិកអាមេរិកាំង ហើយជំនួយរដ្ឋាភិបាល គឺសម្រាប់សហគ្រាសទាំងឡាយ ដូចជា ក្រុមហ៊ុនអាកាសចរណ៍ និងសណ្ឋាគារជាដើម រួមទាំង គាំទ្រដល់មន្ទីរពេទ្យនានា និងរដ្ឋ និងរដ្ឋាភិបាលក្នុងស្រុកជាច្រើនទៀត ។

សូមបញ្ជាក់ថា ដំបូងឡើយ ក្រុមសមាជិកសភាទាំងអស់ បានស្នើឡើងនូវការអនុម័តថវិកា ត្រឹមតែ១ទ្រីលានដុល្លារប៉ុណ្ណោះ ប៉ុន្តែក្រោយពីមានការជជែកគ្នាយ៉ាងស្វិតស្វាញ ក៏ត្រូវបានបន្ថែមដល់២ទ្រីលានដុល្លារវិញ ដើម្បីប្រើប្រាស់ជាកញ្ចប់ សម្រាប់ជួយជ្រោមជ្រែង ដល់សេដ្ឋកិច្ច ។ ជាក់ស្តែង នៅគ្រាដែលមាន វិបត្តិសេដ្ឋកិច្ច នៅក្នុងឆ្នាំ២០០៨ គេបានអនុម័តថវិកា ជួយដល់សេដ្ឋកិច្ចជាតិ ត្រឹមតែ៧០០ពាន់លានដុល្លារប៉ុណ្ណោះ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

Most Popular

To Top