ក្រសួងអប់រំ យុវជន និងកីឡា បានចេញវិធានការជាបន្តបន្ទាប់ ដើម្បីចូលរួមបង្ការ និងទប់ស្កាត់នូវការ រាតត្បាតនៃជំងឺកូវីដ១៩ នៅក្នុងវិស័យកីឡា ខណះបច្ចុប្បន្ន ជំងឺកូវីដ-១៩ កំពុងរីករាតត្បាតជាសកល ជាពិសេសកំពុងមានភាពធ្ងន់ធ្ងរ នៅបណ្តាប្រទេសអឺរ៉ុបមួយចំនួន ដែលនាំឱ្យមានផលប៉ះពាល់ ដល់សុខភាពប្រជាពលរដ្ឋទូទៅ ។
ដើម្បីចូលរួមបង្ការ និងទប់ស្កាត់នូវការ រាតត្បាត នៃជំងឺកូវីដ១៩នេះ ក្រសួងអប់រំ យុវជន និងកីឡា កាលពីថ្ងៃទី៣០ខែមីនាឆ្នាំ២០២០នេះ បានចេញសេចក្តីជូនដំណឹង ដល់ប្រធានសហព័ន្ធកីឡាជាតិ ដែលមានទីស្នាក់ការ នៅក្នុងបរិវេណពហុកីឡដ្ឋានជាតិ និងសាធារណជនទាំងអស់ ដែលនិយមចូលហាត់ប្រាណ ឲ្យបានជ្រាបថា រាល់ការអនុវត្តសកម្មភាព ឬការជួបជុំណាមួយ ឬការហាត់ប្រាណ ត្រូវអនុវត្តក្នុងទ្រង់ទ្រាយតូចក្រោម ១០នាក់ ដើម្បីកាត់បន្ថយហានិភ័យខ្ពស់ នៃការឆ្លងជម្ងឺកូវីដ១៩ ។
ជាទូទៅ ទីស្នាក់ការសហព័ន្ធកីឡាជាតិ បានប្រមូលផ្តុំច្រើនប្រភេទកីឡា នៅក្នុងបរិវេណពហុកីឡដ្ឋានជាតិ កន្លងមកការរៀបចំ ការប្រកួតកីឡាផ្សេងៗ ក៏តែងរៀបចំនៅទីនោះដែរ ហើយរួមមាន ទាំងបងប្អូនប្រជាពលរដ្ឋគ្រប់ស្រទាប់ តែងតែមកហាត់ប្រាណ និងលេងកីឡា រៀងរាល់ថ្ងៃផងដែរនោះ ធ្វើអោយមានការប្រមូលផ្តុំ មនុស្សច្រើនកុះករ ជារៀងរាល់ថ្ងៃ ។ ដោយសារតែបែបនេះហើយ ដើម្បីចូលរួមបង្ការ និងទប់ស្កាត់នូវការ រាតត្បាតនៃជំងឺកូវីដ១៩ ទើបក្រសួងអប់រំ យុវជន និងកីឡា ចេញសេចក្តីជូនដំណឹង ដល់ប្រធានសហព័ន្ធកីឡាជាតិ ដែលមានទីស្នាក់ការ នៅក្នុងបរិវេណពហុកីឡដ្ឋានជាតិ និងសាធារណជនទាំងអស់ ដែលនិយមចូលហាត់ប្រាណ ឲ្យបានជ្រាបថា រាល់ការអនុវត្តសកម្មភាព ឬការជួបជុំណាមួយ ឬការហាត់ប្រាណ ត្រូវអនុវត្តក្នុងទ្រង់ទ្រាយតូចក្រោម ១០នាក់ ដើម្បីកាត់បន្ថយហានិភ័យខ្ពស់ នៃការឆ្លងជំងឺកូវីដ១៩ នេះ ។
ជាមួយនឹងការហាម មិនអោយមានការជួបជុំគ្នាទ្រង់ទ្រាយធំ ក្នុងពហុកីឡដ្ឋាននេះ ក្រសួងអប់រំ យុវជន និងកីឡា ក៏បានចេញសេចក្តីជូនដំណឹង ជាបន្តបន្ទាប់ផងដែរ នាពេលកន្លងមក ដូច ការផ្អាកការប្រមូលផ្តុំ ការបរិភោគអាហារ និង ការស្នាក់នៅរួមគ្នា របស់កីឡាករ កីឡាការិនីថ្នាល ទាំង៣២ប្រភេទកីឡា ជាបណ្តោះអាសន្នដែរ ដើម្បីចូលរួមបង្ការ និងទប់ស្កាត់ ការរាតត្បាតនៃជំងឺកូវីដ១៩ ដែលកំពុង មានការ រីករាលដាលខ្លាំង ទាំងនៅលើសកលលោក និង នៅក្នុងប្រទេសកម្ពុជា នាពេលបច្ចុប្បន្ននេះ។
ដោយសារCOVID-19 បង្ខំឱ្យកីឡាករ សឹងតែគ្រប់ផ្នែកលុបគម្រោង ពង្រឹងសមត្ថភាព នៅក្រៅប្រទេស ។ កីឡាករគ្រប់ផ្នែក កំពុងត្រូវបានលុបចោល គម្រោងហ្វឹកហាត់ជាទ្រង់ទ្រាយធំៗ ដោយគម្រោងហ្វឹកហាត់នៅក្រៅ គឺត្រូវលុបចោលតែម្ដង ដែលស្ថានភាពនេះ ក៏នឹងធ្វើឱ្យប៉ះពាល់ ដល់សមត្ថភាពរបស់កីឡាករ កីឡាការិនីជៀសមិនផុត ដោយសារតែការហ្វឹកហាត់ធំៗ ត្រូវបានលុបចោល។ យ៉ាងណាមិញ មានការបញ្ជាក់ថា កីឡាករ កីឡាការិនីភាគច្រើន ក៏បង្វែរការហ្វឹកហាត់ មកហ្វឹកហាត់ជាលក្ខណៈ ក្នុងស្រុកបែបឯកជនៗ និងបែបនៅផ្ទះជាជំនួសវិញ។
លោក វ៉ាត់ ចំរើន អគ្គលេខាធិការ នៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានមានប្រសាសន៍ឲ្យដឹងថា កម្ពុជាអាច នឹងលុបចោលគម្រោងចេញទៅហ្វឹកហាត់ នៅក្រៅប្រទេស របស់ប្រភេទកីឡាមួយចំនួននៅឆ្នាំនេះ ដោយសារតែបញ្ហារីករាលដាល នៃ COVID-19 នៅតែបន្តកើនឡើង ។
លោកថា នេះគឺជាស្ថានភាពបង្ខំមួយ ដែលមន្ត្រីពាក់ព័ន្ធ និងកីឡាករ កីឡាការិនីទាំងអស់ ត្រូវតែបង្ខំចិត្តធ្វើ ដោយមិនអាចជម្នះ ទៅហ្វឹកហាត់នៅក្រៅប្រទេស ឬហ្វឹកហាត់ជាទ្រង់ទ្រាយធំៗក្នុងស្រុក ហើយបែរជាប្រឈមនឹងហានិភ័យ នៃជំងឺកូវីដ១៩នោះទេ។ លោកថា ការហ្វឹកហាត់ ដែលមានលក្ខណៈជុំៗគ្នាជាច្រើន គឺមិនអាចធ្វើទៅបានទៀតទេ ។ ប៉ុន្តែយ៉ាងណា លោកអះអាងថា បញ្ហានេះ មិនបានជះឥទ្ធិពលធ្ងន់ធ្ងរ ដល់ការអភិវឌ្ឍន៍វិស័យកីឡា នៅកម្ពុជានោះទេ ។
គិតចាប់តាំងពីថ្ងៃទី២៧ ខែមករា ឆ្នាំ២០២០ មកដល់ត្រឹមម៉ោង០៧:ព្រឹក ថ្ងៃទី៣១ខែមីនា ឆ្នាំ២០២០ កម្ពុជាបានរកឃើញ អ្នកផ្ទុកជំងឺរលាកផ្លូវដង្ហើម បង្កឡើងដោយមេរោគ COVID-19 ចំនួន១០៩នាក់ហើយ ក្នុងនោះអ្នកព្យាបាល ជាសះស្បើយចំនួន២៣នាក់ និង អ្នកកំពុងសម្រាកព្យាបាល សរុបចំនួន៨៦នាក់ (ស្ត្រី២៨នាក់ និងបុរស៥៨នាក់) ៕ ដោយ:លី ភីលីព