មូស្គូ៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃអង្គារ ទី៣១ ខែមីនា បានឲ្យដឹងថា ប្រធានាធិបតីអាមេរិក លោកត្រាំ និងប្រធានាធិបតីរុស្ស៊ី លោកពូទីន បានជួបពិភាក្សាគ្នាតាមទូរស័ព្ទ កាលពីថ្ងៃចន្ទ ដើម្បីដោះដូរការសហប្រតិបត្តិការគ្នា ឲ្យកាន់តែស៊ីជម្រៅ លើកិច្ចការងារប្រយុទ្ធប្រឆាំង ទៅនឹងវិរុសរាតត្បាតកូរ៉ូណា។
នៅក្នុងសេចក្តីថ្លែងការណ៍ ដែលត្រូវបានធ្វើឡើង ដោយវិមានក្រមឡាំង បានបញ្ជាក់ដែរថា មេដឹកនាំទាំងពីររូនេះ បានបង្ហាញពីជំហដ៏ច្បាស់លាស់ និងក្តីព្រួយបារម្ភខ្លាំង ចំពោះការរីករាលដាលដ៏ឆាប់រហ័ស នៃវិរុសដ៏កាចសាហាវមួយនេះ នៅក្នុងពិភពលោក ហើយការបន្តធ្វើការងារដោះដូរព័ត៌មាន និងទំនាក់ទំនងកាន់តែជិតស្និទ្ធ នៅតែត្រូវបានបន្តធ្វើដូចដើម។
ក្នុងនោះផងដែរមេដឹកនាំទាំងពីរ ក៏បានឆ្លៀតយកប្រធានបទ នៃទីផ្សារប្រេងពិភពលោក មកពិភាក្សាគ្នាផងដែរ ហើយបានថែមទាំងយល់ព្រមថា នឹងមានការប្រឹក្សាគ្នាបន្ថែមទៀត ពាក់ព័ន្ធទៅនឹងបញ្ហានេះ តាមរយៈរដ្ឋមន្ត្រីទទួលបន្ទុក កិច្ចការងារថាមពល នៃប្រទេសរុស្សីនិងអាមេរិក៕
ប្រែសម្រួល៖ស៊ុនលី