បរទេស៖ មន្ត្រីសហរដ្ឋអាមេរិក ចង់កសាងមន្ទីរពេទ្យ បណ្ដោះអាសន្នរាប់រយ នៅទូទាំងប្រទេស ដើម្បីដោះស្រាយ ករណីឆ្លងកូរ៉ូណាវីរុសថ្មីរាប់ពាន់ ដែលកំពុងពិនិត្យ រកឃើញជារៀងរាល់ថ្ងៃ ក្រោយសហរដ្ឋអាមេរិក មានអ្នកស្លាប់ច្រើនបំផុត កាលពីថ្ងៃចន្ទ គឺស្លាប់ចំនួន៥៧៥នាក់។
កងកម្លាំងវិស្វកម្មកងទ័ពអាមេរិក ដែលបានផ្លាស់ប្តូរ មជ្ឈមណ្ឌលសន្និបាតក្នុងទីក្រុងញូយ៉ក ឲ្យទៅជាមន្ទីរពេទ្យមានគ្រែ១.០០០ ក្នុងពេលមួយសប្ដាហ៍ កំពុងតែស្វែងរកសណ្ឋាគារ ទីស្នាក់អាស្រ័យ មជ្ឈមណ្ឌលសន្និបាត និងទីទំនេរធំៗ ដើម្បីកសាងមន្ទីរពេទ្យ បណ្ដោះអាសន្នចំនួន៣៤១កន្លែង។
គួរបញ្ជាក់ថា មន្ត្រីសុខាភិបាលសហរដ្ឋអាមេរិក កំពុងតែជំរុញពលរដ្ឋអាមេរិក ឲ្យអនុវត្តតាមបទបញ្ជា ឲ្យស្ថិតនៅក្នុងផ្ទះ រហូតដល់ចុងខែមេសា ដើម្បីទប់ស្កាត់ ការឆ្លងរីករាលដាល នៃកូរ៉ូណាវីរុស ដែលបានផ្ទុះឆ្លងដំបូង នៅក្នុងប្រទេសចិន ហើយបានឆ្លងមនុស្ស ប្រមាណ៣ភាគ៤ នៃប្រជាជនមួយលាននាក់ នៅជុំវិញពិភពលោក៕ ប្រែសម្រួល៖ប៉ាង កុង