បរទេស៖អង្គការណាតូ នឹងបង្កើនល្បឿនបញ្ជូនជំនួយឱសថ ដល់សម្ពន្ធមិត្តដែលរងគ្រោះខ្លាងបំផុត ពីកូរ៉ូណាវីរុស ប៉ុន្តែត្រូវតែផ្តោតលើកិច្ចការពារអឺរ៉ុប បន្ទាប់ពីល្បែងសង្គ្រាមរុស្ស៊ីដ៏ធំ ដែលសម្ពន្ធមិត្តមើលឃើញថា ជាសញ្ញាមួយពីទីក្រុងមូស្គូ។
អគ្គលេខាធិការអង្គការណាតូ លោក Jens Stoltenberg បាននិយាយប្រាប់ទីភ្នាក់ងារសារព័ត៌មាន នៅក្នុងកិច្ចសម្ភាសន៍មួយដូច្នេះថា “យើងកំពុងតែប្រមូលការគាំទ្រ ពីសម្ពន្ធមិត្តដែលមានសមត្ថភាព ដើម្បីជួយដល់ប្រទេសដែលមានការខ្វះខាតខ្លាំងក្លា” ហើយលោកនិយាយថា យន្តហោះតួកគី នឹងបញ្ជូនឧបករណ៍ពេទ្យ ទៅឲ្យប្រទេសអេស្ប៉ាញនិងអ៊ីតាលី នៅថ្ងៃពុធនេះ។
ប៉ុន្តែលោកក៏បានក្រើនរំឭកផងដែរថា កិច្ចការចម្បងរបស់ណាតូ គឺកិច្ចការពារបូរណភាពរបស់សម្ពន្ធមិត្ត ហើយលោកមានប្រសាសន៍ថា សម្ពន្ធមិត្តត្រូវបានផ្តល់ដំណឹងឲ្យដោយរុស្ស៊ី នៅចុងខែមីនានេះ ស្តីពីសមយុទ្ធទ្រង់ទ្រាយដ៏ធំ៕ ប្រែសម្រួល៖ប៉ាង កុង



