ព្រឹត្តិការណ៍

បុរសម្នាក់ជាប់គុក៦ខែ ក្រោយពីក្អកដាក់ប៉ូលិស ហើយអះអាងថា គាត់មានផ្ទុកវីរុសកូវីដ១៩

បរទេស៖ ប៉ូលិសក្រុងឡុងដ៍ របស់អង់គ្លេស បាននិយាយថា នេះគឺជាករណីដែលគេជួបដំបូង នៃការកាត់ទោស ដែលត្រូវបានផ្តល់ឱ្យសម្រាប់“ ឧប្បត្តិហេតុទាក់ទងនឹងវីរុសកូវីដ១៩ ដែលពាក់ព័ន្ធនឹងប៉ូលិស” ។ ប្រធានស្នងការលោកស្រី Helen Harper បាននិយាយថា លោកស្រីសង្ឃឹមថា ការកាត់ទោសដាក់ពន្ធនាគារនេះ គឺបានផ្ញើសារថា អាកប្បកិរិយា ដែលមិនអាចទទួលយកបាន “នឹងមិនត្រូវបានគេអត់ឱនឱ្យនោះទេ” ។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២ ខែមេសា ឆ្នាំ២០២០ បានឱ្យដឹងថា លោក Adam Lewis អាយុ ៥៥ ឆ្នាំត្រូវបានកាត់ទោស ឱ្យជាប់ពន្ធនាគាររយៈពេល ៦ ខែពីបទរំលោភបំពាន ដែលការកាត់ទោស ធ្វើឡើងនៅឯតុលាការ Westminster Magistrates បន្ទាប់ពីគាត់មានចេតនា ក្អកដាក់មន្រ្តីប៉ូលិស ហើយអះអាងថា គាត់មានវីរុសកូវីដ១៩។

ប៉ូលិសបាននិយាយថា ប៉ូលិសម្នាក់បានឃើញ សកម្មភាពរបស់លោក Lewis និងសកម្មភាពនេះ ត្រូវបានសាធារណជន ចាប់អារម្មណ៍ផងដែរ ដែលបានអះអាងថា បានឃើញគាត់ព្យាយាម បើកទ្វារឡានផ្សេងៗ នៅថ្ងៃទី ៣១ ខែមីនាឆ្នាំ ២០២០ ។

នៅពេលនោះ ប៉ូលិស Constable ដែលកំពុងល្បាតនាពេលនោះ បានទៅជិត Lewis ហើយប៉ុនប៉ងឃាត់ខ្លួនគាត់ ដើម្បីធ្វើការស្រាវជ្រាវ ។ ក្រោយមក Lewis បានស្រែកថា “ ខ្ញុំមានវីរុសកូវីដ ហើយខ្ញុំនឹងក្អកនៅមុខអ្នក ហើយអ្នកនឹងឆ្លងវីរុសនេះ” ហើយក្រោយមកក៏ក្អកភ្លាមតែម្តង៕ ប្រែសម្រួលៈ ណៃ តុលា

Most Popular

To Top