បរទេស៖ The Bloomberg នៅថ្ងៃព្រហស្បតិ៍ ទី២ ខែមេសានេះ បានសរសេរថា ក្រៅតែពីដាក់ទណ្ឌកម្ម ទៅលើប្រទេសអ៊ីរ៉ង់ជាច្រើន រួចមកហើយនោះ នៅថ្ងៃនេះប្រធានាធិបតីអាមេរិក បានធ្វើការព្រមានខ្លាំង ទៅលើប្រទេសមួយនេះបន្ថែមទៀតផងដែរ ចំពោះសកម្មភាពទាំងឡាយ របស់គេនាពេលខាងមុខ។
លោកត្រាំបានធ្វើការព្រមានចំៗ និងធ្ងន់ៗថា អាមេរិកនឹងបើកការវាយប្រហារខ្លាំងៗ មិននឹកស្មាន ប្រសិនបើប្រទេស កាន់សាសនាឥស្លាមមួយនេះ មានផែនការអាក្រក់ ទៅលើកងកម្លាំងរបស់ខ្លួន ដែលកំពុងមានវត្តមាន នៅក្នុងប្រទេសអ៊ីរ៉ាក់។ នៅសារលើបណ្តាញសង្គមTwitterថា អាមេរិកមានព័ត៌មានគ្រប់គ្រាន់រាល់ព័ត៌មាន ឬផែនការទាំងឡាយ ដែលនឹងធ្វើឲ្យប៉ះពាល់ដល់ កងកម្លាំងរបស់ខ្លួន ដូចនេះអ៊ីរ៉ង់នឹងត្រូវរ៉ាប់រង រាល់សកម្មភាពទាំងឡាយនេះ យ៉ាងធ្ងន់ធ្ងរបំផុត បើសិនជាកើតឡើងមែន។
គួរបញ្ជាក់ថាភាពតានតឹង រវាងទីក្រុងទាំងពីរ បានកើតឡើងកាន់តែខ្លាំងក្លាចុងក្រោយ ពេលដែលអាមេរិក បានលួចវាយប្រហារ សម្លាប់មេទ័ពកំពូលដ៏ល្បីបំផុតរបស់អ៊ិរ៉ង់ និងបន្តបដិសេធមិនព្រមបន្ធូរបន្ថយ ទណ្ឌកម្មលើអ៊ីរ៉ង់ឡើយ ក្នុងពេលដែលកូរ៉ូណា កំពុងវាយប្រហារក្នុងប្រទេសនេះក្តី៕
ប្រែសម្រួល៖ស៊ុនលី



