បរទេស៖ រដ្ឋបាលរបស់លោក ត្រាំ តាមសេចក្តីរាយការណ៍ បានប្តេជ្ញាដកខ្លួនចេញពីសន្ធិសញ្ញា មានអាយុកាល២៨ឆ្នាំ ដែលធ្វើឡើងក្នុងគោលបំណងកាត់បន្ថយ ហានិភ័យនៃសង្គ្រាមដោយចៃដន្យ រវាងលោកខាងលិចនិងប្រទេសរុស្ស៊ី ដោយអនុញ្ញាតឲ្យមានការហោះហើរយន្តហោះចារកម្ម ពីលើទឹកដីរបស់គ្នាទៅវិញទៅមក។
បើទោះជាមានការផ្ទុះឆ្លងនៃវីរុសកូរ៉ូណា ដែលធ្វើឲ្យខកខានដល់កិច្ចប្រជុំក្រុមប្រឹក្សា សន្តិសុខជាតិទាំងស្រុង ស្តីពីសន្ធិសញ្ញាជើងមេឃបើកចំហក៏ដោយ ក៏រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Mark Esper និងរដ្ឋមន្ត្រីការបរទេសអាមេរិក លោក Mike Pompeo បានព្រមព្រៀងគ្នាដាក់ដំណើរការ ដកសហរដ្ឋអាមេរិកចេញ នេះបើយោងតាមប្រភព ដែលដឹងពីគម្រោងរដ្ឋបាលអាមេរិក។
គួរបញ្ជាក់ថា តាមសេចក្តីរាយការណ៍ពីទីភ្នាក់ងារសារព័ត៌មាន Yahoo News សហរដ្ឋអាមេរិក ធ្លាប់បានតវ៉ាស្តីពីអ្វីដែលខ្លួននិយាយថា រុស្ស៊ីបំពានសន្ធិសញ្ញាដែលបាន ចុះហត្ថលេខាក្នុងឆ្នាំ១៩៩២ និងដាក់ចូលប្រើជាធរ មានចាប់តាំងពីឆ្នាំ២០០២មក៕
ប្រែសម្រួល៖ប៉ាង កុង