បរទេស៖គម្រោងកាត់បន្ថយជំនួយ១ពាន់លានដុល្លារអាមេរិក ចំពោះប្រទេសអាហ្វហ្គានីស្ថាន នឹងយកចេញពីថវិកាផ្គត់ផ្គង់សម្រាប់កងកម្លាំងសន្តិសុខអាហ្វហ្គានីស្ថាន នេះបើយោងតាមប្រភពអាមេរិកចំនួន៣ ហើយនេះជាចំណាត់ការមួយ ដែលអ្នកជំនាញនិយាយថា នឹងកាត់បន្ថយទាំងសមត្ថភាពរបស់ទីក្រុងកាប៊ុល ប្រយុទ្ធប្រឆាំងពួកតាលីបង់ និងឥទ្ធិពលអាមេរិកក្នុងការចរចាកិច្ចព្រមព្រៀងសន្តិសុខជាមួយពួកគេទាំងនោះ។
រដ្ឋមន្ត្រីការបរទេសលោក Mike Pompeo និងមន្ត្រីសហរដ្ឋអាមេរិកផ្សេងទៀត តាមសេចក្តីរាយការណ៍ បានបដិសេធមិនផ្តល់សេចក្តីលម្អិតជាសាធារណៈ ចំពោះចំនួនដែលនឹងត្រូវកាត់បន្ថយ ហើយក្រសួងការបរទេសអាមេរិក ក៏បានបដិសេធមិនផ្តល់សេចក្តីអត្ថាធិប្យាយ ស្តីពីគម្រោងនេះផងដែរ។
ប៉ុន្តែជំនួយការរដ្ឋសភាអាមេរិកពីររូប ដែលនិយាយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ ព្រោះជាបញ្ហារសើប បាននិយាយប្រាប់ថា មន្ត្រីក្រសួងការបរទេស បានប្រាប់សភាថា ប្រាក់មួយពាន់លានដុល្លារនោះ នឹងយកចេញពីថវិកា៤,២ពាន់លានដុល្លាររបស់មន្ទីរបញ្ចកោណ ដែលបានធានាថវិកាប្រហែល៣ភាគ៤នៃថវិកាប្រចាំឆ្នំារបស់កងកម្លាំងសន្តិសុខអាហ្វហ្គានីស្ថាន៕ ប្រែសម្រួល៖ប៉ាង កុង

