បរទេស៖ នៅថ្ងៃអង្គារនេះ រដ្ឋមន្ត្រីការបរទេសនៃប្រទេសអ៊ីរ៉ង់ លោក Mohammad Javad Zarif តាមសេចក្តីរាយការណ៍ បានបង្ហោះសារនៅក្នុង បណ្ដាញសង្គមធ្វីតធ័រថា សហរដ្ឋអាមេរិក គួរតែឈប់ធ្វើការទប់ស្កាត់មិនឲ្យ ប្រទេសអ៊ីរ៉ង់លក់ប្រេងតទៅទៀត។
តាមប្រភពពីទីភ្នាក់ងារសារព័ត៌មាន Us News ដែលចេញផ្សាយនៅថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២០ បានឲ្យដឹងថា លោករដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់រូបនេះ បានមានប្រសាសន៍យ៉ាងដូច្នេះថា “អ្វីដែលយើងចង់បាន គឺឲ្យប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ ឈប់ធ្វើការរារាំងមិនឲ្យ ប្រទេសអ៊ីរ៉ង់លក់ប្រេង និងផលិតផលផ្សេងទៀត ទិញតម្រូវការ បង្កើតនិងទទួលបានការបង់ថ្លៃឲ្យ”។
គួរបញ្ជាក់ថា កាលពីថ្ងៃអង្គារសប្ដាហ៍មុន រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោក Mike Pompeo បានបង្ហាញនូវភាពអាចទៅរួចដែលថា សហរដ្ឋអាមេរិកអាចនឹង ពិចារណាបន្ធូរបន្ថយទណ្ឌកម្ម លើប្រទេសអ៊ីរ៉ង់ និងប្រទេសផ្សេងទៀត ដើម្បីជួយដល់ការប្រយុទ្ធប្រឆាំង ការផ្ទុះឆ្លងនៃវីរុសកូរ៉ូណា ប៉ុន្តែមិនបានផ្តល់សញ្ញាជាក់លាក់ ដែលខ្លួនគ្រោងនឹងធ្វើនោះទេ៕
ប្រែសម្រួល៖ ប៉ាង កុង