បរទេស៖ ទីភ្នាក់ងារ អង្គការសហប្រជាជាតិមួយ និយាយថា កង្វះខាតចំណីអាហារ នៅកូរ៉េខាងជើង អាចនឹងកាន់តែធ្ងន់ធ្ងរខ្លាំងឡើង ស្របពេលមានការផ្ទុះ ឆ្លងរីករាលដាលនៃវីរុសកូវីដ១៩ ហើយប្រាក់ប្រហែល១០លានដុល្លារ គឺត្រូវការជាចំបាច់ ដើម្បីជួយដល់ ពលរដ្ឋសាមញ្ញកូរ៉េខាងជើង។
ទីភ្នាក់ងារសារព័ត៌មានកូរ៉េខាងត្បូង Seoul Pyongyang News បានរាយការណ៍ នៅថ្ងៃអង្គារថា អង្គការចំណីអាហារ និងកសិកម្ម បាននិយាយនៅក្នុងរបាយការណ៍ថ្មីៗមួយ ស្តីពីកូរ៉េខាងជើងថា អង្គការត្រូវការប្រាក់មូលនិធិ ដើម្បីជួយដល់ពលរដ្ឋកូរ៉េខាងជើង ៥១៣.០០០នាក់។
យោងតាមទីភ្នាក់ងារ អង្គការសហប្រជាជាតិនេះ ភាពអាសន្នផ្នែកសុខភាពអន្តរជាតិ កំពុងតែបន្ថែមសម្ពាធខ្លាំងឡើង លើស្ថានភាព សន្តិសុខចំណីអាហារកូរ៉េខាងជើង ដោយសារតែវិធានការ ទប់ស្កាត់នឹងវីរុសថ្មី គឺមេរោគកូរ៉ូណា៕ ប្រែសម្រួល៖ប៉ាង កុង