បរទេស៖នៅថ្ងៃពុធទី៨ ខែមេសានេះកងកម្លាំង យោធាអាមេរិកបានធ្វើការប្រកាស មួយថាខ្លួនបានបើកការវាយប្រហារដ៏ជោគជ័យមួយនៅ ក្នុងប្រទេសសុម៉ាលីដោយបាន សម្លាប់មេដឹកនាំកំពូលរបស់ក្រុម Al Shabab ដែលជឿជាក់ថា ជាក្រុមមានទំនាក់ទំនងយ៉ាង ជិតស្និទ្ធជាមួយនឹងក្រុមអាល់កៃដា។
សេចក្តីប្រកាសត្រូវបានធ្វើឡើងដោយ ក្រុមកងកម្លាំងរួមគ្នារវាងអាមេរិក និងអាហ្រ្វិក AFRICOM បានបញ្ជាក់បន្ថែមថាបុរសម្នាក់ដែល មានឈ្មោះ Yusuf Jiis គឺជាមេដឹកនាំកំពូលម្នាក់ដែលត្រូវបានសម្លាប់ទៅជាមួយនឹងមនុស្ស២នាក់ ផ្សេងទៀតផងដែរ។ មេដឹកនាំរូបនេះគឺជាមនុស្សដ៏សកម្មនៅក្នុងការប្រយុទ្ធនានា នៅតំបន់ភាគកណ្តាលនិង ភាគខាងត្បូងនៃប្រទេសសុម៉ាលី។
ទោះបីជាមានការអះអាងថា វាយប្រហារតាមអាកាសលើកនេះ ក៏បានឆក់យកជីវិតពលរដ្ឋស៊ីវិលច្រើននាក់ផងដែរប៉ុន្តែទាំង កងកម្លាំងរួម AFRICOM និងអាមេរិកសុទ្ធតែ បានបដិសេធថាមិនមានពលរដ្ឋស៊ីវិលណាម្នាក់ បាត់បង់ជីវិតឡើយ ដែលជាក់ស្តែងវាគឺមិនមែនជាលើក ទី១នោះឡើយដែលហេតុការណ៍បែបនេះ បានកើតឡើងហើយ តែងតែត្រូវបានបដិសេធការ ចោទប្រកាន់ដដែលបែបនេះ៕ប្រែសម្រួល៖ស៊ុនលី

