សេអ៊ូល៖ ប្រភពព័ត៌មានបានឲ្យដឹង នៅថ្ងៃព្រហស្បតិ៍នេះថា យន្ដហោះប្រយុទ្ធ គ្មានមនុស្សបើកចំនួន ២ គ្រឿងបន្ថែមទៀត នៃត្រកូលយន្ដហោះ Global Hawk ត្រូវបានគេរំពឹងថា នឹងមកដល់ ប្រទេសកូរ៉េខាងត្បូងក្នុងខែនេះ និងត្រៀមដាក់ពង្រាយ។
ការមកដល់គ្រោង របស់យន្ដហោះនេះ បានកើតឡើង បន្ទាប់ពីប្រទេសកូរ៉េខាងត្បូង បាននាំយកយន្ដហោះធុន RQ-4 Block 30 Global Hawk លើកដំបូងរបស់ខ្លួន កាលពីខែធ្នូឆ្នាំមុន ក្រោមកិច្ចព្រមព្រៀងឆ្នាំ២០១១ ទីក្រុងសេអ៊ូល បានទិញ ៤គ្រឿងពីសហរដ្ឋអាមេរិក។
មន្រ្តីកងទ័ពអាកាស និងក្រុមហ៊ុនផលិត គឺក្រុមហ៊ុន Northrop Grumman បាននិងកំពុងធ្វើការ ដើម្បីនាំយន្ដហោះចំនួន ២ បន្ថែមទៀតនៅក្នុងខែនេះ ទោះបីជាកាលវិភាគពិតប្រាកដ ត្រូវផ្លាស់ប្តូរក៏ដោយ៕ ដោយ៖ ឈូក បូរ៉ា

