បរទេស៖ អារ៉ាប៊ីសាអូឌីត នៅថ្ងៃពុធសប្ដាហ៍នេះ តាមសេចក្តីរាយការណ៍ បានប្រកាសបទឈប់បាញ់គ្នា ពីរសប្ដាហ៍ នៅក្នុងសង្គ្រាមស៊ីវិលយេម៉ែន ស្របពេលមានការភ័យខ្លាច អំពីការឆ្លងរីករាលដាលនៃវីរុសកូរ៉ូណា នៅក្នុងតំបន់ ហើយបទឈប់បាញ់គ្នានេះ គ្រោងចាប់ផ្តើមនៅថ្ងៃត្រង់ នាថ្ងៃព្រហស្បតិ៍នេះ។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ កងកម្លាំងចម្រុះអារ៉ាប៊ីសាអូឌីត បាននិយាយប្រាប់យ៉ាងដូច្នេះថា “កងកម្លាំងចម្រុះ បានប្រកាសបទឈប់បាញ់គ្នា នៅយេម៉ែន សម្រាប់រយៈពេលពីរសប្ដាហ៍ ដោយចាប់ផ្តើមពីថ្ងៃព្រហស្បតិ៍នេះ ដែលអាចនឹងបន្ត ក្នុងគោលបំណង បង្កើតលក្ខខណ្ឌសមស្រប អនុវត្តការអញ្ជើញ របស់ប្រេសិតពិសេស អង្គការសហប្រជាជាតិ ប្រចាំនៅយេម៉ែន ដើម្បីប្រារព្ធកិច្ចប្រជុំ រវាងរដ្ឋាភិបាលនិងពួកហូធី”។
គួរបញ្ជាក់ថា ប្រទេសអារ៉ាប៊ីសាអូឌីត ដឹកនាំកងកម្លាំងចម្រុះ នៃប្រទេសអារ៉ាប់នានា គាំទ្រដល់រដ្ឋាភិបាល របស់លោកប្រធានាធិបតី Abdu Rabbo Mansour Hadi ប្រឆាំងនឹងពួកហូធី ដែលគាំទ្រដោយអ៊ីរ៉ង់។ ការប្រយុទ្ធគ្នានៅយេម៉ែន បានបន្តអស់រយៈពេល៥ឆ្នាំ ហើយបទឈប់បាញ់គ្នានេះ អាចបង្ហាញឲ្យឃើញផ្លូវ ឆ្ពោះទៅរកការបញ្ចប់ជម្លោះ៕ ប្រែសម្រួល៖ប៉ាង កុង