ព្រឹត្តិការណ៍

ការស៊ើបអង្កេតបង្ហាញថា កងកម្លាំងអាកាសស៊ីរី ប្រើអាវុធគីមីក្នុងការវាយប្រហារចំនួន៣ នៅឆ្នាំ២០១៧

បរទេស៖ ក្រុមត្រួតពិនិត្យអាវុធគីមីមួយ តាមសេចក្តីរាយការណ៍ បាននិយាយក្នុងរបាយការណ៍ចេញ នៅថ្ងៃពុធម្សិលមិញនេះថា រដ្ឋាភិបាលស៊ីរី បានប្រើប្រាស់ឧស្ម័នពុល នៅក្នងការវាយប្រហារចំនួន៣ ទៅលើកងកម្លាំងប្រឆាំង នៅក្នុងខែមីនា ឆ្នាំ២០១៧។ 

អង្គការទទួលបន្ទុកទប់ស្កាត់អាវុធគីមី បាននិយាយថា កងកម្លាំងទ័ពអាកាសស៊ីរី បានទម្លាក់គ្រាប់បែកលើទីក្រុង Latamina ដោយប្រើឧស្ម័នពុល កាលពីថ្ងៃទី២៤ និងថ្ងៃទី២៥ ខែមីនា ហើយនៅក្នុងការវាយប្រហារជាលើកទី៣ នាថ្ងៃទី៣០ ខែមីនា កងកម្លាំងអាកាសស៊ីរី ក៏បានប្រើប្រាស់ឧស្ម័នពុល វាយប្រហារទៅលើទីក្រុងដដែលនេះផងដែរ។ 

គួរបញ្ជាក់ថា របាយការណ៍នេះ គឺត្រូវបានបោះពុម្ពផ្សាយជាលើកដំបូង ដោយក្រុមស៊ើបអង្កេត និងកំណត់អត្តសញ្ញាណថ្មីរបស់អង្គការ OPCW ហើយអង្គការនេះ មានសម្ពន្ធភាពជាមួយអង្គការសហប្រជាជាតិ និងអង្គការអន្តរជាតិនានាផ្សេងទៀត៕

ប្រែសម្រួល៖ ប៉ាង កុង 

Most Popular

To Top