បរទេស៖ ទីភ្នាក់ងារសារព័ត៌មាន UPI ចេញផ្សាយនៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២០ បានរាយការណ៍ថា យោងទៅតាមទីបញ្ជាការការពារ ដែនអាកាសអាមេរិកខាងជើង យន្តហោះចម្បាំងកងទ័ព អាកាសសហរដ្ឋអាមេរិក បានស្ទើរដំណើរយន្តហោះល្បាត របស់រុស្ស៊ីពីរគ្រឿង នៅជិតរដ្ឋអាឡាស្កា នាសប្ដាហ៍នេះ។
តាមសារបង្ហោះលើបណ្ដាញ សង្គមធ្វីតធ័ររបស់ទីបញ្ជាការការពារដែនអាកាសអាមេរិកខាងជើង បានឲ្យដឹងថា យន្តហោះចម្បាំងបំបាំងកាយ F-22 Raptors បានស្ទាក់ដំណើរយន្តហោះរុស្ស៊ី IL-38 ពីរគ្រឿង ដែលចូលទៅក្នុងតំបន់កំណត់ការពារដែនអាកាសអាឡាស្កា នៅសមុទ្រ Bering Sea ខាងជើងកោះ Aleutian កាលពីថ្ងៃពុធសប្ដាហ៍នេះ។
លោក Terrence J. O’Shaughnessy ជាអគ្គមេបញ្ជាការនៃទីបញ្ជាការការពារដែនអាកាសអាមេរិកខាងជើង បាននិយាយដូច្នេះថា “នេះគឺព្រឹត្តិការណ៍ដ៏ថ្មីបំផុត ក្នុងពេលមួយខែកន្លងទៅ ដែលយើងស្ទាក់ដំណើរប្រតិបត្តិការយន្តហោះរុស្ស៊ី ដែលជិតចូលដល់ប្រទេសរបស់យើង ហើយយើងនៅតែបន្តធ្វើបេសកកម្មការពារទឹកដីរបស់យើង ជាមួយនឹងសមត្ថភាពដូចៗគ្នា ដែលយើងតែងតែនាំយកទៅប្រយុទ្ធ”៕ ប្រែសម្រួល៖ប៉ាង កុង