ចិន៖មន្រ្តីឧស្សាហកម្មជាន់ខ្ពស់ បានមានប្រសាសន៍ថា ឧស្សាហកម្មយានយន្ត របស់ប្រទេសចិន កំពុងជាសះស្បើយបន្តិចម្តងៗ ពីការផ្ទុះឡើងនៃវីរុសកូរ៉ូណា ហើយចំនួនរថយន្ត នៅលើដងផ្លូវរបស់ប្រទេសនេះ នឹងវ៉ាដាច់សហរដ្ឋអាមេរិក នៅចុងឆ្នាំនេះ យោងតាមការចេញផ្សាយ ពីគេហទំព័រឆៃណាឌៀលី ។
លោក Cai Ronghua មន្ត្រីជាន់ខ្ពស់ នៃគណៈកម្មាធិការអភិវឌ្ឍន៍ និងកំណែទម្រង់ជាតិ បានមានប្រសាសន៍ថា ការផ្ទុះឡើង នៃ COVID-19 បានដាក់សម្ពាធធ្លាក់ចុះ ដល់វិស័យរថយន្ត ក្នុងរយៈពេលដ៏ខ្លី ប៉ុន្តែស្ថានការណ៍គឺ “បណ្តោះអាសន្ន” ហើយនឹងមិនប៉ះពាល់ ដល់និន្នាការរយៈពេលវែង នៃឧស្សាហកម្មនេះទេ ។
អគ្គនាយករង នៃនាយកដ្ឋានសម្របសម្រួល ឧស្សាហកម្មនៃ NDRC លោក Cai បានបន្តថា“ ទីផ្សាររថយន្តនៅប្រទេសចិន នឹងងើបឡើងវិញបណ្តើរ ៗ ហើយនឹងនៅតែមានស្ថេរភាព ក្នុងរយៈពេលយូរទៀត” ។
លោក Wang Bin ប្រធានផ្នែកប្រតិបត្តិការទីផ្សារ និងលើកកម្ពស់ការប្រើប្រាស់ របស់ក្រសួងពាណិជ្ជកម្ម បាននិយាយថា ចំនួនយានយន្តនៅលើដងផ្លូវចិន នឹងកើនលើសនៅសហរដ្ឋអាមេរិក នៅចុងឆ្នាំនេះ ។ អស់រយៈពេល ១១ ឆ្នាំមកហើយប្រទេសចិន គឺជាទីផ្សាររថយន្តធំជាងគេបំផុត នៅទូទាំងពិភពលោក ប៉ុន្តែដោយសារកត្តាជាច្រើនផលិតកម្ម និងការលក់រថយន្តបានធ្លាក់ ចុះអស់រយៈពេល ២ ឆ្នាំជាប់គ្នាហើយជំងឺរាតត្បាតបានបង្កបញ្ហាប្រឈមកាន់តែខ្លាំង៕ ដោយ៖លី ភីលីព