ប៉េកាំង៖ ប្រធានាធិបតីចិន លោកស៊ីជីនពីង បាននិយាយកាលពីថ្ងៃសុក្រថា ប្រទេសចិនបានត្រៀមខ្លួនរួចជាស្រេច ដើម្បីបន្តការគាំទ្រ ឱ្យបានច្រើន តាមសមត្ថភាពរបស់ខ្លួន ដែលអនុញ្ញាតឱ្យប្រទេសម៉ិកស៊ិក ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ រួមទាំងការជួយប្រទេស អាមេរិកឡាទីនមួយនេះ ទិញការផ្គត់ផ្គង់សម្ភារៈចាំបាច់ប្រឆាំង នឹងការរីករាលដាលយ៉ាងធ្ងន់ធ្ងរ ពីប្រទេសចិន។
យោងតាមទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយនៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២០ បានឱ្យដឹងថា លោកស៊ីបានធ្វើការកត់ សម្គាល់បែបនេះ តាមទូរស័ព្ទជាមួយសមភាគីម៉ិចស៊ីកូ គឺលោក Andres Manuel Lopez Obrador ។
ដោយកត់សម្គាល់ថា ជំងឺរលាកសួតធ្ងន់ធ្ងរ បណ្តាលមកពីវីរុសកូរ៉ូណា នៅតែបន្តរីករាលដាល នៅប្រទេសម៉ិកស៊ិក និងបណ្តាប្រទេសដទៃទៀត នៅអាមេរិកឡាទីន និងតំបន់ការ៉ាបៀន លោកស៊ីបានបង្ហាញនូវការអាណិតអាសូរ និងការគាំទ្រយ៉ាងស្មោះត្រង់ ដល់រដ្ឋាភិបាលនិងប្រជាជនម៉ិកស៊ិក ។
លោកបាននិយាយថា លោកជឿជាក់ថា ក្រោមការដឹកនាំរបស់លោក Lopez Obrador ប្រទេសម៉ិកស៊ិកនឹងជៀសផុតពីការរាតត្បាតនៅពេលឆាប់ៗនេះ។
ដោយមានការគាំទ្របន្ថែមទៀត លោកស៊ី ប្រធានាធិបតីចិន ក៏បានស្នើថាប្រទេសទាំងពីរបន្តផ្លាស់ប្តូរបទពិសោធន៍ ក្នុងការការពារ និងការត្រួតពិនិត្យជំងឺនេះ ក៏ដូចជាការធ្វើរោគវិនិច្ឆ័យ និងការព្យាបាលតាមរយៈមធ្យោបាយដូចជា សន្និសីទវីដេអូ របស់អ្នកជំនាញ។
លោកស៊ីបាន សង្កត់ធ្ងន់ថា ប្រទេសចិន ប្រកាន់ខ្ជាប់នូវចក្ខុវិស័យ នៃការកសាងសហគមន៍មួយ ដែលមានអនាគតរួមគ្នា សម្រាប់មនុស្សជាតិ ជានិច្ចកាលតែងតែធ្វើសកម្មភាព សហប្រតិបត្តិការអន្តរជាតិ ប្រឆាំងនឹងការរីករាលដាល និងគាំទ្រយ៉ាងរឹងមាំដល់ អង្គការសុខភាពពិភពលោក ៕
ប្រែសម្រួលៈ ណៃ តុលា