បរទេស៖ សាខា Walmart ប្រចាំនៅប្រទេសចិន បានប្រកាសនៅក្នុងសន្និសីទ វិនិយោគមួយ ដែលរៀបចំឡើង ដោយរដ្ឋាភិបាល ទីក្រុង Wuhan កាលពីដើមសប្តាហ៍កន្លងមកថា ខ្លួនបានប្តេជ្ញាចិត្តជាលុយ ចំនួនប្រមាណជា ៣ ពាន់លានយ័ន ឬប្រហែល៤២៥ លានដុល្លារ ដើម្បីពង្រីកវត្តមានរបស់ខ្លួន នៅក្នុងទីក្រុង ដែលជាកន្លែងដើមកំណើត មេរោគកូវីដ១៩។
យោងតាមការប្រកាស របស់ក្រុមហ៊ុន Walmart China បានឱ្យដឹងថា ក្រុមហ៊ុននឹងបន្ថែម ហាងយ៉ាងតិច ៤ ហាងម៉ាកយីហោ Sam’s Club, ផ្សារទំនើបចំនួន ១៥ បន្ថែមទៀត និងហាងសហគមន៍ជាច្រើនទៀត នៅក្នុងទីក្រុងរបស់ខេត្ត Hubei មួយនេះ។ គួរឲ្យដឹងថាក្រុមហ៊ុន អ្នកលក់រាយដែលមានមូលដ្ឋាន នៅសហរដ្ឋអាមេរិក Walmart មានហាងចំនួន ៣៤ និងមជ្ឈមណ្ឌលចែកចាយ ចំនួនពីររួចហើយ នៅក្នុងទីក្រុងវូហាន ក្នុងពេលបច្ចុប្បន្ន។
លោក Wern-Yuen Tan ប្រធាន និងជានាយកប្រតិបត្តិ ក្រុមហ៊ុន Walmart ប្រចាំប្រទេសចិន បានប្រកាសថាការសម្រេចចិត្តនេះ គឺធ្វើឡើងដោយមានការសហការ ជាមួយរដ្ឋាភិបាលក្រុង Wuhan ហើយបញ្ជាក់ថាជំហ៊ានថ្មីនេះ គឺជាព្រឹត្តិការណ៍ ដ៏សំខាន់ថ្មីមួយទៀត រវាងភាគីទាំងពីរ ដើម្បីស្ថានភាពឈ្នះឈ្នះដូចគ្នា៕
ប្រែសម្រួល៖ស៊ុនលី