បរទេស៖ ឧត្តមសេនីយ៍ជាន់ខ្ពស់ សហរដ្ឋអាមេរិក តាមសេចក្តីរាយការណ៍ បាននិយាយនៅថ្ងៃអង្គារ សប្ដាហ៍នេះថា ការតេស្តបាញ់សាកល្បងមីស៊ីល វាយប្រហារក្នុងចម្ងាយខ្លីថ្មីៗនេះ របស់ប្រទេសកូរ៉េខាងជើង មិនមែនជាការបង្កហេតុ ឬក៏ជាការគម្រាមកំហែង ដល់សហរដ្ឋអាមេរិកនោះទេ។
លោកឧត្តមសេនីយ៍ Mark Milley ជាប្រធានអគ្គសេនាធិការចម្រុះ បាននិយាយប្រាប់អ្នកសារព័ត៌មាន នៅមន្ទីរបញ្ចកោណដូច្នេះថា “ខ្ញុំមិនគិតថា វាជាការបង្កហេតុ ឬក៏ជាការគម្រាមកំហែងដល់យើង ចំពោះអ្វីដែលបានកើតឡើង វាអាចពាក់ព័ន្ធទៅនឹងពិធីអបអរខ្លះៗ ដែលកំពុងតែកើតមាន នៅក្នុងប្រទេសកូរ៉េខាងជើង ដែលផ្ទុយទៅនឹងការបង្កហេតុ ដោយចេតនាណាមួយ ចំពោះយើង”។
គួរបញ្ជាក់ថា ប្រទេសកូរ៉េខាងជើង នៅថ្ងៃអង្គារម្សិលមិញនេះ បានបាញ់មីស៊ីល ប្រឆាំងនាវាចម្ងាយខ្លីជាច្រើនគ្រាប់ ចូលទៅក្នុងសមុទ្រ ហើយន្តហោះចម្បាំង Sukhoi បានបាញ់មីស៊ីល វាយប្រហារពីអាកាសទៅដី ជាផ្នែកនៃសមយុទ្ថយោធា ដែលកំពុងតែប្រព្រឹត្តទៅ៕ ប្រែសម្រួល៖ប៉ាង កុង