បរទេស៖ ទ័ពជើងទឹកសហរដ្ឋអាមេរិក នៅថ្ងៃពុធសប្ដាហ៍នេះ តាមសេចក្តីរាយការណ៍ បាននិយាយប្រាប់ថា នាវាអ៊ីរ៉ង់ចំនួន១១គ្រឿង បានធ្វើសកម្មភាព ប្រកបដោយគ្រោះថ្នាក់និងរុកកួន ចូលទៅជិតនាវាសហរដ្ឋអាមេរិក នៅក្នុងឈូងសមុទ្រអារ៉ាប់ខាងជើង។
ទីបញ្ជាការកណ្ដាល របស់កងកម្លាំងទ័ពជើងទឹកអាមេរិក បង្ហាញវីដេអូទ័ពជើងទឹក នៃកងកម្លាំង ការពារបដិវត្តន៍ឥស្លាមអ៊ីរ៉ង់ បើកឆ្លងកាត់ពីមុខ និងពីក្រោយនាវា USS Lewis B. Puller នាវា USS Paul Hamilton នាវា USS Firebolt នាវា USS Sirocco នាវា USGC Wrangell និងនាវា USGC Maui។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ ទ័ពជើងទឹកសហរដ្ឋអាមេរិក បាននិយាយយ៉ាងដូច្នេះថា នាវាទ័ពជើងទឹក នៃកងកម្លាំងការពារបដិវត្តន៍ឥស្លាមអ៊ីរ៉ង់ បានបើកឆ្វែលនាវាសហរដ្ឋអាមេរិក ក្នុងចម្ងាយកៀកជិត និងក្នុងល្បឿនដ៏លឿន ជាម្តងហើយម្តងទៀត រួមទាំងបើកកាត់ជាច្រើនដង ខាងមុខនាវា Puller៕ ប្រែសម្រួល៖ប៉ាង កុង