បរទេស៖ ទូរទស្សន៍BBC ចេញផ្សាយនៅថ្ងៃពុធ ទី១៥ ខែមេសា បានឲ្យដឹងថា សហរដ្ឋអាមេរិកបានយល់ព្រម ក្នុងការផ្តល់កញ្ចប់ប្រាក់ ប្រមាណជា២៥ពាន់លានដុល្លារ ដើម្បីជួយសង្គ្រោះ ដល់វិស័យអាកាសចរណ៍របស់ខ្លួន។
កញ្ចប់ប្រាក់ទាំងនោះ នឹងត្រូវបញ្ចូនទៅដល់ ក្រុមហ៊ុនអាកាសចរណ៍ធំបំផុត របស់ប្រទេសទាំង១០ ខណៈដែលគ្រប់គ្នាបានដឹងហើយថា វិស័យទេសចរណ៍និងការធ្វើដំណើរ បានធ្លាក់ចុះស្ទើរដល់បាត។ ក្នុងចំណោមក្រុមហ៊ុនទាំងនោះ រួមមានក្រុមហ៊ុន American Airlines, United, Deltaព្រមទាំងSouthwest។
វិធីប្រើប្រាស់ប្រាក់ទាំងនេះ នឹងត្រូវធ្វើតាមរយៈការ យកទៅបើកប្រាក់ខែ ឲ្យបុគ្គលិកទាំងឡាយរបស់ខ្លួន ហើយនឹងត្រូវផ្តល់ តាមរយៈការរួមបញ្ចូលគ្នា រវាងប្រាក់កម្ចីមានតម្លៃទាប និងជំនួយផ្ទាល់ផង។ គួរបញ្ជាក់ថា កញ្ចប់ប្រាក់នេះ គឺជាកញ្ចប់មួយផ្នែក ដែលសហរដ្ឋអាមេរិក បានប្រកាសកាលពីខែមុនថា ខ្លួននឹងដកយកប្រាក់អាសន្ន សម្រាប់ប្រទេស ដែលមានចំនួនរហូតទៅដល់ ២ពាន់ពាន់លានដុល្លារ៕
ប្រែសម្រួល៖ស៊ុនលី