បរទេស៖ កងកម្លាំងប្រដាប់អាវុធអ៊ីរ៉ង់ នាពេលថ្មីៗនេះ ទើបទទួលបានកូនដ្រូន ផ្ទុកគ្រាប់បែក ចំនួន៣គ្រឿង ដែលមានចម្ងាយហោះហើរ ដល់ទៅ១.៥០០គីឡូម៉ែត្រ នេះបើយោងតាមសម្តី របស់រដ្ឋមន្ត្រីការពារជាតិ អ៊ីរ៉ង់ លោក Amir Hatami និយាយនៅថ្ងៃសៅរ៍នេះ។
នៅក្នុងពិធីទទួលយក កូនដ្រូនទាំងនោះ នៅក្នុងទីក្រុងតេអេរ៉ង់ ដែលផ្សព្វផ្សាយ លើកញ្ចក់ទូរទស្សន៍ លោករដ្ឋមន្ត្រី ការពារជាតិអ៊ីរ៉ង់រូបនោះ បាននិយាយថា កូនដ្រូនទាំងនោះ អាចឃ្លាំមើលសកម្មភាព របស់សត្រូវ ពីចម្ងាយដ៏គួរឲ្យកត់សម្គាល់ និងមានសមត្ថភាព ធ្វើបេសកម្មចម្បាំងផងដែរ។
ដោយមិនបានបង្ហាញ ប្រាប់ឈ្មោះរបស់កូនដ្រូន ចម្បាំងថ្មីទាំងនេះ លោក Amir Hatami តាមសេចក្តីរាយការណ៍ មានប្រសាសន៍បន្តថា កូនដ្រូន គឺបំពាក់ដោយគ្រាប់បែក និងមីស៊ីល ហើយពួកវាអាចហោះហើរ ក្នុងរយៈកម្ពស់ដល់ទៅ ១៣,៧១៦ម៉ែត្រ៕
ប្រែសម្រួល៖ប៉ាង កុង