ម៉ានីល៖ ទាហានហ្វីលីពីនចំនួន ១១ នាក់ត្រូវបានសម្លាប់ ខណៈ ១៤ នាក់ផ្សេងទៀត បានរងរបួស នៅក្នុងការប៉ះទង្គិចគ្នាជាមួយក្រុមឧទ្ទាមសម្ព័ន្ធមិត្ត រដ្ឋអ៊ីស្លាម នៅលើកោះភាគខាងត្បូងប្រទេស។
មេបញ្ជាការយោធា ប្រចាំតំបន់ លោកឧត្តមសេនីយ៍ទោ Cirilito Sobejana បានលេីកឡេីងថា កងទ័ពរដ្ឋាភិបាល បានរងគ្រោះថ្នាក់ ក្នុងកំឡុងពេលប៉ះទង្គិច ប្រដាប់អាវុធរយៈពេលមួយម៉ោង ជាមួយនឹងយុទ្ធជន Abu Sayyaf ប្រហែល ៤០ នាក់ ដែលបានចាប់ផ្តើម នៅម៉ោងប្រហែល ៣ រសៀល នៅទីប្រជុំជនផីកគុល ដែលស្ថិតនៅលើកោះជូឡូ នៃខេត្តស៊ូលូ។
ក្រុមអាប៊ូសាយយ៉ាហ្វ ជាក្រុមជីហាដនិយមតូចមួយ ប៉ុន្តែមានអំពើហិង្សា ត្រូវបានគេស្គាល់ថា ជាសកម្មភាពចាប់ជំរិត និងបំផ្ទុះគ្រាប់បែកនៅភាគខាងត្បូង ប្រទេសហ្វីលីពីន៕
ដោយ ឈូក បូរ៉ា