ព្រឹត្តិការណ៍

សហភាពអារ៉ាប់រួម នឹងពិន័យជាប្រាក់ជាង៥ពាន់ដុល្លារ សម្រាប់ការផ្សាយ ព័ត៌មានស្តីពីវីរុសកូរ៉ូណា ដោយគ្មានការអនុញ្ញាត

បរទេស៖ ទីភ្នាក់ងារសារព័ត៌មានរដ្ឋ WAM បានរាយការណ៍នៅថ្ងៃសៅរ៍នេះថា សហភាពអារ៉ាប់រួម នឹងផាកពិន័យជាប្រាក់ដល់ទៅ៥.៥០០ដុល្លារ ចំពោះអ្នកណាដែលចែករំលែក ផ្សព្វផ្សាយព័ត៌មានវេជ្ជសាស្ត្រ ស្តីពីវីរុសកូរ៉ូណា ដែលផ្ទុយគ្នាទៅនឹងសេចក្តីថ្លែងការណ៍រដ្ឋផ្លូវការ។ 

ដោយលើកឡើងពីសេចក្តីណែនាំ របស់រដ្ឋាភិបាល កាសែត WAM  នោះបាននិយាយថា វាត្រូវបានហាមឃាត់សម្រាប់បុគ្គលណាមួយ ដែលផ្សព្វផ្សាយ ផ្សព្វផ្សាយបន្ត ឬក៏ចែករំលែកព័ត៌មានវេជ្ជសាស្ត្រ ឬក៏សេចក្តីណែនាំ ដែលមិនពិត នាំឲ្យមានការយល់ខុស ឬក៏ដែលមិនត្រូវបានប្រកាសជាផ្លូវការ ដោយប្រើប្រាស់ក្រដាស់បោះពុម្ព ឧបករណ៍សម្លេង ឬក៏បណ្ដាញសង្គម គេហទំព័រអនឡាញ ឬក៏ឧបករណ៍ផ្សព្វផ្សាយ ឬក៏ចែករំលែកផ្សេងទៀត។ 

គួរបញ្ជាក់ថា ការផាកពិន័យបែបនេះ ហាក់មានគោលបំណងទប់ស្កាត់ការផ្សព្វផ្សាយ ព័ត៌មានមិនពិតនិងពាក្យចរចាមអារាម  ពាក់ព័ន្ធទៅនឹងការឆ្លងរាតត្បាតនៃវីរុសកូវីដ១៩ ដែលបានឆក់យកជីវិតមនុស្សចំនួន៣២នាក់ នៅក្នុងប្រទេសអារ៉ាប់មួយនេះ និងមានករណីឆ្លងចំនួន៦.៣០០ករណី គិតត្រឹមថ្ងៃសុក្រ៕ 

ប្រែសម្រួល៖ប៉ាង កុង 

Most Popular

To Top