បរទេស៖ រដ្ឋាភិបាលតៃវ៉ាន់ បាននិយាយនៅថ្ងៃសៅរ៍នេះថា កោះតៃវ៉ាន់នឹងដាក់នាយនាវិក ទ័ពជើងទឹក៧០០នាក់ ឲ្យចូលទៅក្នុងកន្លែងដាច់ដោយឡែក ក្រោយមានករណីវីរុសកូរ៉ូណាថ្មីចំនួន៣ ត្រូវបានបញ្ជាក់រកឃើញ នៅក្នុងចំណោមនាយនាវិក ដែលកំពុងតែបំពេញបេសកកម្មសុឆន្ទៈ ទៅកាន់រដ្ឋប៉ាឡូ ស្ថិតលើកោះនៅប៉ាស៊ីហ្វិក។
រដ្ឋមន្ត្រីសុខាភិបាលតៃវ៉ា់ន់ លោក Chen Shih-chung បាននិយាយប្រាប់អ្នកសារព័ត៌មានថា នាវាទ័ពជើងទឹកតៃវ៉ានចំនួន៣គ្រឿង បានធ្វើទស្សនកិច្ចប្រទេសប៉ាឡូ ដែលជាប្រទេសមួយក្នុងចំណោមប្រទេសទាំង១៥ ដែលនៅរក្សាចំណងការទូតផ្លូវការជាមួយតៃវ៉ាន់នោះ នៅក្នុងពាក់កណ្ដាលខែមីនា មុនពេលវិលត្រឡប់មកតវ៉ាន់វិញ ក្នុងពេលមួយខែក្រោយមក។
តាមសេចក្តីរាយការណ៍ លោករដ្ឋមន្ត្រីរូបនេះ បានមានប្រសាសន៍បន្តទៀតថា ករណីឆ្លងវីរុសកូរ៉ូណាទាំង៣ ដែលបានរកឃើញនិងបញ្ជាក់នោះ គឺមានចំណែករួមទាំងអស់ នៅលើនាវាតែមួយ ប៉ុន្តែនាយនាវិកទាំងអស់៧០០នាក់ នៅលើនាវាទាំង៣ ត្រូវបានហៅឲ្យវិលត្រឡប់វិញ ហើយនឹងដាក់ឲ្យនៅដាច់ដោយឡែកពីគេ៕
ប្រែសម្រួល៖ប៉ាង កុង