បរទេស៖ប្រទេសវៀតណាម នៅថ្ងៃអាទិត្យម្សិលមិញនេះ បានធ្វើការតវ៉ាចំពោះប្រទេសចិន ដោយនិយាយថា ចិនទើបបានបង្កើតអង្គភាពរដ្ឋបាលពីរលើកោះនៅដែនសមុទ្រចិនខាងត្បូង ហើយនេះជាទង្វើដ៏ថ្មីបំផុតរបស់ទីក្រុងប៉េកាំង បង្ហាញពីភាពអះអាងកម្មសិទ្ធិរបស់ខ្លួន នៅក្នុងដែនទឺកមានជម្លោះនោះ។
មន្ត្រីនាំពាក្យក្រសួងការបរទេសវៀតណាម លោកស្រី Le Thi Thu Hang បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “ការបង្កើតទីក្រុងដែលមានឈ្មោះថា Sansha City និងសកម្មភាពពាក់ព័ន្ធនានានោះ បានរំលោភបំពានយ៉ាងធ្ងន់ធ្ងរ ចំពោះអធិបតេយ្យភាពរបស់ប្រទេសវៀតណាម ហើយវៀតណាមទាមទារថា ប្រទេសចិនគួរតែគោរពអធិបតេយ្យភាពវៀតណាម និងលុបចោលការសម្រេចចិត្តដ៏ខុសឆ្គង់របស់ខ្លួនចោល”។
គួរបញ្ជាក់ថា យោងតាមបណ្ដាញទូរទស្សន៍ China Global បានឲ្យដឹងថា នៅថ្ងៃសៅរ៍កន្លងទៅថ្មីៗនេះ ទីក្រុងប៉េកាំង បាននិយាយថា ខ្លួនទើបបានបង្កើតស្រុករដ្ឋបាលមួយ នៅលើប្រជុំកោះប៉ារ៉ាសែល និងស្រុករដ្ឋបាលមួយផ្សេងទៀត នៅលើប្រជុំកោះ Spratly ហើយស្រុកទាំងពីរនេះ ស្ថិតនៅក្រោមការគ្រប់គ្រងរបស់ទីក្រុង Sansha city ប្រទេសចិន៕ ប្រែសម្រួល៖ប៉ាង កុង