បរទេស៖ កងកម្លាំងការពារបដិវត្តន៍អ៊ីរ៉ង់ នៅពេលថ្មីៗនេះ បានធ្វើការព្រមានសហរដ្ឋអាមេរិក ស្តីពីសកម្មភាពយោធា នៅក្នុងតំបន់ឈូងសមុទ្រ និងបានបន្ថែមថា កងទ័ពជើងទឹកអ៊ីរ៉ង់ ជាលទ្ធផល បានបង្កើនប្រតិបត្តិការ ល្បាតរបស់ខ្លួន ដែលក៏នឹងរក្សាសន្តិសុខ ដល់ការធ្វើដំណើររបស់នាវាអ៊ីរ៉ង់ និងប្រយុទ្ធប្រឆាំង ចំពោះការរត់ពន្ធប្រេង។
កាលពីថ្ងៃពុធសប្ដាហ៍មុន យោធាសហរដ្ឋអាមេរិក បានិយាយថា នាវាទ័ពជើងទឹក កងកម្លាំងការពារបដិវត្តន៍អ៊ីរ៉ង់ ចំនួន១១គ្រឿង បានបើកចូលមកជិត នាវាទ័ពជើងទឹក និងនាវាកងកម្លាំងការពារ តំបន់ឆ្នេរអាមេរិក ដោយពិពណ៌នាថា ជាទង្វើបង្កហេតុ ប្រកបដោយគ្រោះថ្នាក់។
ចំណែកសេចក្តីថ្លែងការណ៍មួយ ពីកងកម្លាំងការពារបដិវត្តន៍អ៊ីរ៉ង់ បាននិយាយនៅថ្ងៃអាទិត្យម្សិលមិញនេះថា “យើងសូមណែនាំឲ្យអាមេរិក គោរពតាមច្បាប់អន្តរជាតិ និងពិធីការដែនសមុទ្រ នៅតំបន់ឈូងសមុទ្រពែរ្យ និងឈូងសមុទ្រអូម៉ង់ និងបញ្ឈប់នូវដំណើរផ្សេងព្រេង និងរឿងរ៉ាវមិនពិតនានា”៕ ប្រែសម្រួល៖ប៉ាង កុង