បរទេស ៖ អនុប្រធានាធិបតី សហរដ្ឋអាមេរិក លោក Mike Pence បានមានប្រសាសន៍ នៅថ្ងៃអាទិត្យថា សហរដ្ឋអាមេរិក នឹងបង្កើនការតេស្ត រកមេរោគកូរ៉ូណា ដើម្បីសម្របសម្រួលផែនការ ដកបទបញ្ជាឲ្យស្នាក់នៅក្នុងផ្ទះ ដែលបានធ្វើឡើង ដើម្បីទប់ស្កាត់ការរាតត្បាតឆ្លង នៃវីរុសថ្មី ។
នៅក្នុងកម្មវិធី Fox News Sunday លោក Mike Pence បានមានប្រសាសន៍ថា លោកជឿថា សហរដ្ឋអាមេរិក មានចំនួនតេស្តជាច្រើន ចាំបាច់ត្រូវតែចាប់ផ្តើម ក្នុងផែនការមាន ៣ដំណាក់កាល ដើម្បីបើកប្រទេសជាថ្មី តាមដែលលោកប្រធានាធិបតី ដូណាល់ ត្រាំ និងកងកម្លំាងទទួលបន្ទុកកិច្ចការមេរោគកូរ៉ូណា បានគូសបង្ហាញ ។
គួរបញ្ជាក់ថា សហរដ្ឋអាមេរិក មានករណីឆ្លងវីរុសកូរ៉ូណា ត្រូវបានបញ្ជាក់រកឃើញ ចំនួន៧៦២.៤៩៦ករណី និងករណីស្លាប់ចំនួន៤០.៤៧៨ នេះគិតត្រឹមយប់ថ្ងៃអាទិត្យ យោងទៅតាមតួលេខពីគេហទំព័រ worldometers.info ដែលមានការកើនឡើង ចំនួន៣,៨ភាគរយ ក្នុងមួយថ្ងៃ គឺកាលពីថ្ងៃសៅរ៍ មានករណីស្លាប់បន្ថែម១.៨៦៧ ដែលត្រូវគេប្រកាសថា កើនឡើង៥ភាគរយ ៕
ប្រែសម្រួល៖ប៉ាង កុង