បរទេស៖ ក្រុមហ៊ុនការពារជាតិ សហរដ្ឋអាមេរិក Raytheon Co. នឹងនៅតែជាក្រុមហ៊ុន ចុះកុងត្រា របស់យោធាសហរដ្ឋអាមេរិក ក្នុងដំណើរការអភិវឌ្ឍ ផលិតមីស៊ីលនុយក្លេអ៊ែ រយៈចម្ងាយវែង Long-Range Standoff នេះបើតាមសេចក្តីប្រកាស របស់កងទ័ពអាកាសអាមេរិក។
យោងតាម សេចក្តីរាយការណ៍មួយ ដែលចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន UPI នៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២០ បានឲ្យដឹងថា នៅថ្ងៃចន្ទសប្ដាហ៍នេះ សាខាផ្នែកផលិតមីស៊ីល និងការពារជាតិរបស់ក្រុមហ៊ុន Raytheon បានប្រកាសថា ការរចនាផលិតមីស៊ីល LRSO របស់ខ្លួននោះ បានឆ្លងផុតការត្រួតពិនិត្យ ផ្នែករចនាបឋមហើយ។
ក្រុមហ៊ុនការពារជាតិ សហរដ្ឋអាមេរិកមួយនេះ ក៏បាននិយាយផងដែរថា កម្មវិធីដើម្បីបំពេញ នូវភាពចាស់ទុំនៃបច្ចេកវិទ្យា និងការកាត់បន្ថយហានិភ័យ ហៅកាត់ថា TMRR ជាជំហាននៃដំណើរការ កំពុងតែត្រូវបានកំណត់គ្រោងទុក ដើម្បីបញ្ចប់ឲ្យរួចរាល់ នៅក្នុងខែមករាឆ្នាំ២០២២៕ ប្រែសម្រួល៖ប៉ាង កុង