បរទេស៖ កងទ័ពជើងទឹក សហរដ្ឋអាមេរិក បាននិយាយនៅថ្ងៃចន្ទ សប្ដាហ៍នេះថា រុស្ស៊ីបានស្ទាក់ដំណើរ យន្តហោះទ័ពជើងទឹកអាមេរិកមួយគ្រឿង នៅលើសមុទ្រមេឌីទែរ៉ានេ ស្របពេលដែលប្រទេសនីមួយៗ ផ្តល់នូវការអះអាងខុសៗគ្នា ស្តីពីហេតុការណ៍នេះ។
យោងតាម ប្រភពព័ត៌មានពីកាសែត UPI ចេញផ្សាយនៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២០ បានឲ្យដឹងថា ការស្ទាក់ដំណើរនៅថ្ងៃអាទិត្យ ដែលមានយន្តហោះចារកម្ម P-8 ទ័ពជើងទឹកអាមេរិកមួយគ្រឿង និងយន្តហោះចម្បាំងរុស្ស៊ី SU-35 មួយគ្រឿងនោះ គឺជាហេតុការណ៍លើកទីពីរ ក្នុងរយៈពេល៤ថ្ងៃ ដែលអាមេរិកចោទប្រកាន់រុស្ស៊ីថា មានឥរិយាបថ ដែនអាកាសអសុវត្ថិភាព។
កងនាវាលេខ៦ របស់សហរដ្ឋអាមេរិក បាននិយាយថា កាលពីថ្ងៃទី១៩ ខែមេសា យន្តហោះចារកម្ម ទ័ពជើងទឹកអាមេរិក P-8A មួយគ្រឿង ដែលកំពុងតែហោះហើរ ក្នុងដែនអាកាសអន្តរជាតិ លើសមុទ្រមេឌីទែរ៉ានេ ត្រូវបានស្ទាក់ដំណើរពីរលើក ដោយយន្តហោះចម្បាំងរុស្ស៊ី SU-35 មួយគ្រឿង អស់រយៈពេលប្រមាណ១០០នាទី៕ ប្រែសម្រួល៖ប៉ាងកុង